ភ្នំពេញ ៖ លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់តាមអនឡាញថា គិតមកដល់នេះកម្ពុជា ទទួលបានមេដាយ ២ គ្រឿង ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាលើឆ្នេរខ្សាច់ ជើងឯកអាស៊ីលើកទី ៦ ឆ្នាំ២០២៦ “6th Asain Beach Games Sanya 2026” នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិនហើយ បន្ទាប់ពីក្រុមកីឡាការិនីបាល់ទាត់លើតុ ទទួលបានមេដាយមួយទៀត ។

ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបន្តថា ក្រុមបាល់ទាត់លើតុកម្ពុជាទទួលបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាគូនារី បានទៅលើកីឡាការិនី ម៉ី ស្រីមាស និង កីឡាការិនី យ៉ន សោភ័ណ្ឌរស្មី និងកីឡាការិនីទ្រីយ៉ាត្លុង ម៉ាហ្គ មរតក ហ្គារ៉ាប៊ិឌៀន ឈ្នះមេដាយប្រាក់ លើវិញ្ញាសារ Women Individual Aquathlon (រត់ នឹងហែលទឹក)។

កម្ពុជាបានបញ្ជូនក្រុមកីឡា ៤ ប្រភេទដូចជា កីឡាចំបាប់ កីឡាទ្រយ៉ាត្លុង កីឡាជីជឺតស៊ូ និងកីឡាបាល់ទាត់លើតុ ។ ប្រភេទកីឡាចំបាប់មានចំនួន ៨ នាក់ កីឡាទ្រយ៉ាត្លុងមានចំនួន ៣ នាក់ កីឡាជីជឺតស៊ូមានចំនួន៥ នាក់ និងកីឡាបាល់ទាត់លើតុមានចំនួន ៧ នាក់ និងប្រធាន អនុប្រធានគណៈប្រតិភូ សរុបចំនួន ៣២ រូប។

ការប្រកួតកីឡាឆ្នេរខ្សាច់ជើងឯកអាស៊ី “Asain Beach Games” ត្រូវបានធ្វើឡើងជាលើកដំបូងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០០៨ បន្ទាប់មកព្រឹត្តិការណ៍នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់ (២០១០) ទីក្រុងហៃយ៉ាង ប្រទេសចិន (២០១២) ទីក្រុងភូកេត ប្រទេសថៃ (២០១៤) និង ទីក្រុងដាណាង ប្រទេសវៀតណាម (២០១៦)៕


