ភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក កែ ប៊ុនខៀងរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ បាន អញ្ជើញជាអធិបតីក្នុងពិធីបើកនៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ”នៅវិមានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡាសហការជាមួយសហព័ន្ធកីឡាជាតិទំាង ១២ ប្រភេទកីឡា។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាសិស្សបឋមសិក្សា ថ្នាក់ជាតិ ឆ្នាំ២០២៦ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ មានប្រតិភូ អ្នកដឹកនាំក្រុម និងគ្រូបង្វឹកចូលរួមចំនួន ៦៤៧ នាក់ កីឡាករ-កីឡាការិនី ចំនួន ២៦៨៩ នាក់ លើវិញ្ញាសាសរុបចំនួន ៦២ វិញ្ញាសា ។ ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦នេះ យើងប្រើប្រាស់ទីលានចំនួន ១០ ទីតាំង៖ បាល់ទាត់ (វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា វិទ្យាល័យច្បារអំពៅ វិទ្យាល័យ ជា ស៊ីម បឹងកេងកង និងវិទ្យាល័យជ្រោយចង្វារ) ។ បាល់ទះ (វិមានពហុកីឡដ្ឋានជាតិ វិទ្យាល័យវត្តកោះ ក្លឹបស្នងការដ្ឋាន រាជធានីភ្នំពេញ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា) និងបាល់បោះ (ពហុកីឡដ្ឋានជាតិ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា )។

កីឡាអត្តពលកម្ម (ពហុកីឡដ្ឋានជាតិ និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា) វាយកូនឃ្លីលើតុ (សាលប៊ូយ៉ុង ពហុកីឡដ្ឋានជាតិ) វាយសី (សហព័ន្ធកីឡាវាយសី ពហុកីឡដ្ឋានជាតិ) កីឡាតេក្វាន់ដូ WT (សាលប៊ូយ៉ុងពហុកីឡដ្ឋានជាតិ) ប៊ូល និងប៉េតង់ (ទីលានប៊ូល និងប៉េតង់ ពហុកីឡដ្ឋានជាតិ) គុនល្បុក្កតោ (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ)
ហែលទឹក (អាងហែលទឹកពហុកីឡដ្ឋានជាតិ) គុនដាវ (ផ្សារទំនើបអូឡាំព្យា) និងចំបាប់ (សាលកាយសម្ព័ន្ធ ពហុកីឡដ្ឋានជាតិ)។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត សហព័ន្ធកីឡាជាតិ ប្រតិភូកីឡារាជធានី ខេត្តអង្គភាពពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច ដែលបានបង្កលក្ខណៈសហការរៀបចំការប្រកួតនេះ ឆ្លើយតបតាមកម្មវត្ថុនៃការរៀបចំការប្រកួតកីឡាលក្ខណៈហ្គេម ដើម្បីពង្រឹងស្មារតីសាមគ្គីភាព មិត្តភាព ការធ្វើការជាក្រុម ភាពជាអ្នកដឹកនាំដល់សិស្ស ពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសក្នុងការៀបចំ ផ្តល់ឱកាសដល់សិស្សដែលមានទេពកោសល្យកីឡាចូលរួមក្នុងក្រុមថ្នាល ពិសេសរួមចំណែកលើកកម្ពស់សកម្មភាពអប់រំកាយ និងកីឡាទៅដល់សិស្សានុសិស្សនៅតាមសាលារៀន ដែលជាទិសដៅអាទិភាពមួយនៃកំណែទម្រង់របស់ក្រសួង អប់រំ យុវជន និងកីឡា។

ក្រោមដំបូលនៃសុខសន្តិភាព ឯកភាពផ្ទៃក្នុងជាតិ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ក្រោមការដឹកនាំ ប្រក បដោយថាមពល និងគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី បាននិងកំពុងអនុវត្តកំណែទម្រង់ស៊ីជម្រៅ ដោយផ្តោតលើការលើកកម្ពស់គុណភាពអប់រំ ឌីជីថលូបនីយកម្ម និងការពង្រឹងវិន័យសាលារៀន។ យុទ្ធសាស្ត្រសំខាន់ៗរួមមានការអភិវឌ្ឍមូលធនមនុស្ស ការពង្រឹងអប់រំបច្ចេកទេស និងការលើកកម្ពស់អប់រំកាយ-កីឡា ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច-សង្គម។

លោករដ្ឋលេខាធិការក្រសួងអប់រំ បានបន្តថា ក្រសួងអប់រំ បានដាក់ចេញទិសដៅកំណែទម្រង់ជាក់ស្តែងលើវិស័យអប់រំកាយ និងកីឡា ដោយពង្រឹងសមត្ថភាពគ្រូអប់រំកាយ និងកីឡាប្រកបដោយគុណភាព ជំរុញការអនុវត្តម៉ោងអប់រំកាយ និងកីឡា ២ម៉ោង/សប្តាហ៍នៅតាមសាលារៀនទូទាំងប្រទេស ការរៀបចំទីលានសម្រាប់សកម្មភាពអប់រំកាយ និងកីឡាក្នុងម៉ោងសិក្សា និងក្រៅម៉ោងសិក្សា និងការលើកកម្ពស់អប់រំកាយប្រកបដោយបរិយាប័ន្ននៅតាមសាលារៀន ឆ្ពោះទៅការកសាងសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីអប់រំកាយប្រកបដោយបរិយាប័ន្ននៅតាមសាលារៀន ក្រោមកិច្ចសហការជាមួយអង្គការបេះដូងមាសរបស់ជប៉ុន ព្រមជាមួយការកែលម្អប្រព័ន្ធកីឡា (Sport System) ឲ្យកាន់តែល្អប្រសើរឡើងឆ្លើយតបទៅនឹងបរិបទនៃការអភិវឌ្ឍកីឡាក្នុងតំបន់អាស៊ានស្របតាមផែនការងារអាស៊ានស្តីពីកីឡាឆ្នាំ២០២៦ ២០៣០ ដែលនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ាន ដែលកម្ពុជាជាប្រធានដឹកនាំ នាខែតុលា ឆ្នាំ២០២៦ នៅខេត្តសៀមរៀប ៕




ដោយ៖លី ភីលីព
