បរទេស៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃច័ន្ទថា រដ្ឋាភិបាលកំពុងពិចារណាបន្ថែមថ្ងៃឈប់សម្រាកសាធារណៈចំនួន ២ បន្ថែមទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ឧត្តមសេនីយ៍ប្រាយុទ្ធបានសារភាពថាការឈប់សម្រាករយៈពេល ៩ ថ្ងៃសម្រាប់ការប្រារព្ធពិធីចូលឆ្នាំថ្មីរបស់ថៃកំពុងត្រូវបានពិចារណាប៉ុន្តែលោកមិនបានផ្តល់ពេលវេលាសម្រាប់ការកំណត់ចុងក្រោយទេ។ លោកថា « ការសម្រេចចិត្តចុងក្រោយមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ»។
ថ្ងៃឈប់សម្រាកសង្គ្រាន្ត គឺចាប់ពីថ្ងៃទី ១៣-១៥ ខែមេសាជារៀងរាល់ឆ្នាំ។ ឆ្នាំនេះពិធីបុណ្យនេះ ចាប់ផ្តើមពីថ្ងៃច័ន្ទដល់ថ្ងៃពុធ។ នៅពេលគិតពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យមុនទៀតនោះ គឺថ្ងៃឈប់ សម្រាកមានរយៈពេល ៥ថ្ងៃ។
លោកឧបនាយករដ្ឋមន្រ្តី Somkid Jatusripitak បានបង្កើតគំនិតនៃការពង្រីករយៈពេលឈប់ សម្រាកនៅឆ្នាំនេះ ដើម្បីគ្របដណ្ដប់ទាំងថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រផងដែរ ដែលធ្វើឱ្យវាជាថ្ងៃឈប់សម្រាករយៈពេល ៩ ថ្ងៃ (ថ្ងៃទី ១១-១៩ ខែមេសា) ។ លោក ថារយៈពេលវែងនឹងជំរុញឱ្យប្រជាជនកាន់តែច្រើន ធ្វើដំណើរនិងចំណាយប្រាក់ ដើម្បីផ្តល់ដល់ឧស្សាហកម្មទេសចរណ៍ បន្ទាប់ពីការធ្លាក់ចុះយ៉ាងខ្លាំង នៃចំនួនភ្ញៀវទេសចរមកពីប្រទេសចិន ៕ ប្រែសម្រួលៈ ណៃ តុលា