ព័ត៌មានអន្តរជាតិ

YouTuber មានរហ័សនាមថា “អ្នកប្រមាញ់អ្នកបើកបរស្រវឹងលើដងផ្លូវ” ត្រូវកាត់ទោសពីបទបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវបំផុត

ក្វាងជូ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា YouTuber ជនជាតិកូរ៉េខាងត្បូងម្នាក់បានរួមចំណែកដល់ការស្លាប់របស់ជនសង្ស័យជាជនល្មើសបើកបរក្នងស្ថានភាពស្រវឹង “DUI” ដោយការដេញតាមពួកគេសម្រាប់ការផ្សាយផ្ទាល់នៅលើ YouTube ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ និងត្រូវបានឃុំខ្លួននៅតុលាការនៅថ្ងៃព្រហស្បតិ៍។

YouTuber រូបនេះ ជាអ្នកឃ្លាំមើលដ៏ល្បីម្នាក់ ដែលតាមដានអ្នកបើកបរសង្ស័យថា ស្រវឹង បានដេញតាមយានយន្តមួយគ្រឿង ដោយមានជំនួយពីអ្នកទស្សនារបស់គាត់នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤។ តុលាការបានចាត់ទុកទង្វើនេះមិនមែនជាការខិតខំប្រឹងប្រែង ដើម្បីបញ្ឈប់ការបើកបរស្រវឹងសម្រាប់ជាប្រយោជន៍ដល់សាធារណជននោះទេ ប៉ុន្តែជាទម្រង់នៃការដាក់ទណ្ឌកម្មឯកជនបានបង្កើតស្ថានភាពដ៏សាហាវមួយ។

YouTuber មាននាមត្រកូល Choi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ និង៦ខែ ពីបទគំរាមកំហែងរួមគ្នានៅតុលាការ Gwangju។ លោក Choi ត្រូវបានចាប់ខ្លួនភ្លាមៗ។

តុលាការក៏បានកាត់ទោសជនជាប់ចោទចំនួន ៧ នាក់ផ្សេងទៀត រួមទាំងអ្នកជាវ YouTube ដែលបានចូលរួមក្នុងការដេញតាមរថយន្តឲ្យជាប់ពន្ធនាគាររយៈពេល ៦ ខែ ដោយព្យួរទោសរយៈពេល ២ ឆ្នាំ ឬបង់ប្រាក់ពិន័យចំនួន ១ លានទៅ ២ លានវ៉ុន (៦៨៩ ដុល្លារ ទៅ ១,៣៧០ ដុល្លារ)។

លោក Choi និងអ្នកដទៃទៀតត្រូវបានចោទប្រកាន់ពីបទរួមចំណែកដោយផ្ទាល់ ឬដោយប្រយោលចំពោះគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយដែលបានសម្លាប់អ្នកបើកបរនៅម៉ោងប្រហែល ៣:៥០ ព្រឹក ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ នៅលើផ្លូវមួយក្នុងស្រុក Gwangsan ខេត្ត Gwangju៕

Most Popular

To Top