សេអ៊ូល៖ប៉ូលីសកូរ៉េខាងត្បូ បាននិយាយកាលពីថ្ងៃចន្ទថា ប្រតិបត្តិករគេហទំព័រ មនុស្សពេញវ័យ ២ នាក់ដែលបានចែកចាយវីដេអូ ផ្លូវភេទដែលថតដោយខុសច្បាប់ត្រូវបានចាប់ខ្លួន នៅពេលពួកគេបានមក ដល់ប្រទេសកូរ៉េ បន្ទាប់ពីចំណាយពេលជាច្រើនខែរស់នៅបរទេស នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily ។
ជនសង្ស័យទាំង ២នាក់ ដែលម្នាក់ ក្នុងចំណោមពួកគេត្រូវបានកំណត់អត្តសញ្ញាណដោយនាមត្រកូល Ahn ត្រូវបានចាប់ខ្លួន ដោយអ្នកស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធើណេតពីទីភ្នាក់ងារប៉ូលីសខេត្ត Gyeonggi Nambu នៅម៉ោងប្រហែល ៦ ព្រឹកថ្ងៃចន្ទនៅពេលពួកគេមក ដល់អាកាសយានដ្ឋានអន្តរជាតិ Incheon។
យោងតាមប៉ូលីស បាននិយាយថា អ្នកទាំង ២ នាក់បានចាកចេញទៅប្រទេសថៃ បន្ទាប់ពីអាជ្ញាធរបានបើកការស៊ើបអង្កេតលើគេហទំព័រនេះក្នុងខែធ្នូ។ បន្ទាប់ពីលិខិតឆ្លងដែនរបស់ពួកគេត្រូវបានធ្វើឲ្យមិនត្រឹមត្រូវ ជនសង្ស័យបានជូនដំណឹងដល់អ្នកស៊ើបអង្កេតតាមរយៈតំណាងផ្នែកច្បាប់របស់ពួកគេថា ពួកគេមានបំណងវិលត្រឡប់ទៅប្រទេសកូរ៉េវិញដោយស្ម័គ្រចិត្ត។
ប៉ូលីសបាននិយាយថា ពួកគេមានគម្រោងសួរចម្លើយជនសង្ស័យអំពីតួនាទីជាក់លាក់របស់ពួកគេក្នុងការដំណើរការគេហទំព័រនេះ ដែលគេស្គាល់ថា AVMOV។
គេហទំព័រនេះត្រូវបានដាក់ឲ្យដំណើរការ ខែសីហា ឆ្នាំ ២០២២ និងមានអ្នកប្រើប្រាស់ដែលបានចុះឈ្មោះជាង ៥៤០,០០០ នាក់ ហើយជាក់ស្តែងដំណើរការដោយអនុញ្ញាតឲ្យអ្នកប្រើប្រាស់បង្ហោះវីដេអូថតដោយសម្ងាត់របស់អ្នកស្គាល់គ្នា ដៃគូ និងសមាជិកគ្រួសារ ឬទាញយកខ្លឹមសារផ្លូវភេទខុសច្បាប់ដោយប្រើចំណុចបង់ប្រាក់។
អ្នកប្រើប្រាស់អ៊ីនធើណេតក្នុងប្រទេសកូរ៉េបច្ចុប្បន្នត្រូវបានរារាំងមិនឲ្យចូលប្រើ AVMOV។ ប៉ូលីសបានកំណត់អត្តសញ្ញាណមនុស្សសរុបចំនួន ៩ នាក់ ត្រូវគេជឿថា ជាផ្នែកមួយនៃការគ្រប់គ្រងទីតាំងនេះ ហើយបានចោទប្រកាន់ពួកគេពីបទរំលោភលើច្បាប់ពិសេសស្តីពីការផ្តន្ទាទោសឧក្រិដ្ឋកម្មផ្លូវភេទ។
អាជ្ញាធរបាននិយាយថា ពួកគេកំពុងវិភាគកុំព្យូទ័រ និងភស្តុតាងផ្សេងទៀតដែលរឹបអូសបានក្នុងអំឡុងពេលឆ្មក់ចូលផ្ទះ របស់ជនសង្ស័យចំនួន ៥ នាក់។ ជនសង្ស័យដាច់ដោយឡែកម្នាក់ត្រូវបានគេរំពឹងថានឹងត្រូវបានសួរចម្លើយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ៕
