ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច៖ កម្ពុជាមិនអាចគេចចេញ ពីវិស័យកសិកម្មបានទេ ក្នុងគ្រាដែលពិភពលោក កំពុងតែបាត់បង់សណ្តាប់ធ្នាប់

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ន (ARDB) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅក្នុងពិធីសំណេះសំណាលនិងសួរសុខទុក្ខជាមួយប្រជាកសិករនោះក៏មានការចូលរួមពី លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល,មន្ត្រីមន្ទីរកសិកម្មខេត្ត, អភិបាលរងស្រុកកៀនស្វាយ លោកមេឃុំ និងមន្រ្តីកសិកម្មឃុំ ព្រមទាំងប្រជាកសិករសរុបចំនួន ៥៦៥រូប។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបសំណេះសំណាលថ្ងៃនេះមានគោលបំណងធំបំផុតចង់បង្ហាញពីសមាគមបណ្តាញកសិករតេជោដែលជាសមាគមថ្មីមួយ ជូនដល់បងប្អូនប្រជាកសិករយើង។ ក្នុងនោះសមាគមនឹងជួយសម្របសម្រួលដល់កសិករ ដោយធ្វើជាស្ពានចម្លងកសិផលដែលកសិករផលិតបានហើយភ្ជាប់ទៅនិងទីផ្សាររួមមាន បច្ចេកទេស ទីផ្សារ ផ្នែកហិរញ្ញប្បទាន និងជាឆត្រឬជាយន្តដើម្បីការពារ ការរំលោភបំពានណាមួយផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិតប្រតិភូបានរំលឹកថា កម្ពុជាមិនអាចគេចចេញពីវិស័យកសិកម្មបានទេ ក្នុងគ្រាដែលពិភពលោកកំពុងតែបាត់បង់សណ្តាប់ធ្នាប់ ប៉ុន្តែអ្វីដែលយើងបារម្ភគឺសន្តិសុខស្បៀងក្នុងស្រុក រួមមានវិស័យកសិកម្មតែម្តង ពីព្រោះថា វិស័យកសិកម្មគឺជាស្បៀងដែលបានផ្សារភ្ជាប់គ្នាក្នុងការចញ្ចឹមជីវិតមនុស្សគ្រប់គ្នា ដូច្នេះយើងត្រូវខិតខំប្រឹងប្រែងគ្រប់វិស័យទាំង ការវិនិយោគលើវិស័យកសិកម្មជាមុខរបរស្នូលមួយជាឆ្នាំងបាយសម្រាប់ប្រទេសទាំងមូល រួមទាំងទាំងពិភពលោកផងដែរ។

លោកបណ្ឌិតបានមានប្រសាសន៍ទៀតថា រាល់ការលំបាកនិងបញ្ហាប្រឈមគឺជាឱកាសខ្ពស់សម្រាប់វិស័យកសិកម្មត្រូវការបង្កើនការផលិតដើម្បីផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូល ខណៈដែលពិភពលោកកំពុងខ្វះស្បៀង ដោយសារគ្រោះធម្មជាតិ តម្លៃប្រេងឥន្ធនៈជី ឡើងថ្លៃ ធ្វើឲ្យថ្លៃផលិតក្នុងវិស័យកសិកម្មបានហក់ឡើងខ្ពស់ផងដែរ។ ជុំវិញបញ្ហាខាងលើនេះ លោកបណ្ឌិតប្រតិភូបានណែនាំដល់កសិករទៀតថា ការឡើងថ្លៃជី គីមីនេះបងប្អូនជាកសិករគួរនាំគ្នាផលិតជីធម្មជាតិនិងជីកំប៉ុស ដោយខ្លួនឯងក្នុងសហគមន៍ ដើម្បីធានាគុណភាព និងសុវត្ថិភាព ផលិតផលក្នុងស្រុកដល់អ្នកបរិភោគ។

បន្ថែមពីនេះ ដើម្បីដោះស្រាយបញ្ហាកង្វល់នៅក្នុងវិស័យកសិកម្ម ដែលកសិករផលិតបានហើយគ្មានទីផ្សារនោះ លោកបណ្ឌិតប្រតិភូបានផ្តល់អនុសាសន៍ថា សមាគមបណ្តាញកសិករតេជោមានតួនាទីសំខាន់ៗដូចជា ធ្វើជាស្ពានចម្លងដ៏រឹងមាំ តភ្ជាប់ដ៏សំខាន់សម្រាប់កសិករ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងភ្ជាប់ទៅប្រភពហិរញ្ញវត្ថុ (ឥណទាន) ការភ្ជាប់ទៅបច្ចេកទេស ទីផ្សារ និងអ្នកជំនាញជួយកសិករឱ្យទទួលបាននូវ បច្ចេកវិទ្យាកសិកម្មទំនើបៗ ។ លើសពីនេះ ការភ្ជាប់ទៅទីផ្សារតម្លៃកសិផល ផ្តល់ព័ត៌មានទីផ្សារច្បាស់លាស់ និងជួយសម្របសម្រួលការលក់កសិផល ធានាឱ្យកសិករលក់បានក្នុង តម្លៃល្អប្រសើរ និងសមរម្យ ជៀសវាងការគាបសង្កត់តម្លៃ។ ក្នុងការលើកយកនូវបញ្ហា កង្វល់ និងសំណូមពរនានា ជាពិសេសបញ្ហាទីផ្សារ ទៅដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយទាន់ពេលវេលាផងដែរ៕

Most Popular

To Top