ជប៉ុន ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការចាប់ខ្លួន និងការកាត់ទោសផលិតករជប៉ុនលោក Koichiro Ito ថ្មីៗនេះបានលេចចេញតាមប្រព័ន្ធអ៊ីនធើណេតសារធាណៈ ខណៈអ្នកនិយមលេងប្រព័ន្ធអ៊ីនធើណេតជាច្រើននាក់នៅតាមប្រទេសដទៃទៀត បានខមិនឲ្យជាប់ពន្ធនាគាររាប់ទសវត្សរ៍។
លោក Koichiro Ito ជាផលិតករ ដែលគ្រប់គ្រងក្រុមហ៊ុនផលិតដ៏ធំមួយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ គម្រោងជាច្រើនដែលលោក បានចូលរួមត្រូវបានគេស្គាល់ និង ស្រឡាញ់ជាអន្តរជាតិ រួមទាំងខ្សែភាពយន្តគំនូរជីវចល “Your Name” និង “Suzume”។
ការបង្ហោះដ៏ពេញនិយមមួយនៅលើបណ្តាញសង្គម X អ្នកបង្ហោះបានអះអាងថា លោក Ito បានទទួលការកាត់ទោសរយៈពេល ៤ ឆ្នាំ ទោះបីជាបានចូលរួមក្នុងអំពើពេស្យាចារជាមួយអនីតិជន ១០០ នាក់ ដែលជាការរំលោភសេពសន្ថវៈក៏ដោយ។ ការបង្ហោះនេះក៏បានបញ្ជាក់ថា ឧក្រិដ្ឋកម្មបានកើតឡើងក្នុងរយៈពេល ១១ ឆ្នាំ ហើយគាត់បានជួបជនរងគ្រោះរបស់គាត់នៅលើបណ្តាញសង្គម X។
ការបង្ហោះដ៏ពេញនិយមនេះ បច្ចុប្បន្នមានអ្នកចូលមើលជាង ៥ លានដង ដោយអ្នកលេងអ៊ីនធើណេត បានសម្តែងការខឹងសម្បារ ចំពោះកាលៈទេសៈដែលត្រូវបានចោទប្រកាន់។
តាមរបាយការណ៍ដំបូងៗ មានការបញ្ជាក់ថា ផលិតកររូបនេះត្រូវបានចាប់ខ្លួននៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ ពីបទពេស្យាចារកុមារ និងរូបភាពអាសអាភាសកុមារ។ លោកបានជួបក្មេងអាយុ ១៥ ឆ្នាំម្នាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានបង្ខំនាងឲ្យផ្ញើរូបភាពអាក្រាតកាយទៅលោក។ ការរកឃើញនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលស៊ើបអង្កេតមួយផ្សេងទៀតអំពីពេស្យាចារកុមារ។
ក្នុងអំឡុងពេលស៊ើបអង្កេត គេបានរកឃើញថា លោក Ito បានឆ្លើយឆ្លង ជាមួយមនុស្សជាង ១០០ នាក់ក្នុងរយៈពេល ១១ ឆ្នាំ ដោយខ្លះត្រូវបានចង្អុល បង្ហាញថា ជាអនីតិជន ទោះបីជាតួលេខពិតប្រាកដមិនត្រូវបានផ្តល់ឲ្យ ហើយបានកត់ត្រាបទពិសោធន៍ផ្លូវភេទក៏ដោយ៕
