ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹកត្រៀម បញ្ជូន គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទឹកពាក់ជើងទាចំនួន ៦នាក់ ទៅចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡា ហែលទឹកពាក់ជើងទា The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026 ដែលនឹងប្រព្រឹត្តនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់តាមអនឡាញឲ្យដឹងថា ដោយទទួលបានគោលការណ៍ អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា និងទទួលបានការឯកភាពលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានសម្រេចចាត់បញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ចំនួន ៦នាក់ លើប្រភេទកីឡាហែលទឹកពាក់ជើងទា ទៅចូលរួមការប្រកួត The 2nd International Bunga Raya Children & Junior Finswimming Competition -Leg1 2026 ដែលនឹងប្រព្រឹត្ត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុង Ipoh រដ្ឋ Perak ប្រទេសម៉ាឡេស៊ី
លោកអគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានបន្តថា សមាសភាពចូលរួមមានលោក ហែម ថុនពន្លឺ គ្រូបង្វឹកកីឡាការិនី ហួន ទិត្យដាលីន កីឡាការិនី លឹម សុខគន្ធពណ៌ កីឡាករ លឹម សុខវារៈស័ក្កិ កីឡាករ លឹម នរវិទូ និងកីឡាករ ម៉េង សុភក្ត្រា ។ ការបញ្ជូនចូលរួមការប្រកួតខាងលើនេះ ដើម្បីចង់ឲ្យបង្កើនធនធានកីឡាករ -កីឡាការិនីវ័យក្មេង ព្រមទាំងឲ្យពួកគាត់ចូលរួមកម្រិតអន្តរជាតិឲ្យបានច្រើន ព្រោះការប្រកួតមានសារសំខាន់ ណាស់សម្រាប់អត្តពលិក ។
ក្នុងនាមសហព័ន្ធ និងរូបលោកផ្ទាល់សង្ឃឹមថា ការប្រកួតលើនេះ ពួកគាតនឹងទទួលបានលទ្ធផលល្អប្រសើរ ក្នុងនោះកីឡាការិនីធ្លាប់ចូលរួម ការប្រកួតអន្តរជាតិច្រើនលើច្រើនសារ និងកីឡាករថ្មីចំនួន ៣ រូប ផងដែរ ។ លោករំពឹងថា កីឡាករថ្មីចំនួន ៣ រូបនឹងទទួលបានបទពិសោធន៍បច្ចេកទេស និងលទ្ធផលល្អ៕
