កណ្តាល ៖ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បើកកិច្ចប្រជុំបច្ចេកទេស ចាប់ឆ្នោតចែកពូល សម្រាប់ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣-២៩ ខែឧសភា ឆ្នាំ២០២៦ នៅក្រុងតាខ្មៅដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

កិច្ចប្រជុំបច្ចេកទេស និងចាប់ឆ្នោតចែកពូលលើប្រភេទកីឡាបាល់ទះ លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានស្នើឲ្យតំណាងក្រុម ក្លឹបនានាចូលរួមក្នុងព្រឹត្តិការណ៍នេះត្រូវរក្សានូវវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងបទបញ្ជា បច្ចេកទេសឲ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាជំរុញឲ្យព្រឹត្តិការណ៍កីឡាមហាជនថ្នាក់ខេត្តដ៏ធំប្រចាំឆ្នាំនេះដំណើរការប្រកួតដោយរលូន និងទទួលបានជោគជ័យ ដើម្បីឲ្យការិយាល័យជំនាញ សម្រិតសម្រាំងបានកីឡាករ កីឡាការិនីឆ្នើមៗប្រចាំខេត្ត។

លោក ពៅ វណ្ណា បានគូសបញ្ជាក់បន្ថែមថា ចំពោះការចុះឈ្មោះរបស់កីឡាករ កីឡាការិនី ក៏ដូចជាការកំណត់អត្តសញ្ញាណ អាយុកីឡាករ កីឡាការិនីត្រូវចុះឈ្មោះ ឲ្យបានត្រឹមត្រូវ ជៀសវាងការតវ៉ា ឬបញ្ហាផ្សេងៗទៀត។ ប្រធានការិយាល័យរូបនេះបញ្ជាក់ថា ការប្រកួតកីឡា មហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ រៀបចំលើ៤ប្រភេទកីឡា ដូចជា ផ្នែកបាល់ទាត់បុរស, បាល់ទះ បុរស-នារី, បាល់បោះ បុរស-នារី និងអត្តពលកម្ម បុរស-នារី ។

យោងតាមសេចក្តីជូនដំណឹងរបស់លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានឲ្យដឹងថា ការរៀបចំប្រកួតនេះ គឺយោងតាមផែនការប្រតិបត្តប្រចាំឆ្នាំ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ហើយដើម្បីចូលរួមជំរុញ ការអភិវឌ្ឍវិស័យកីឡាមហាជនឲ្យកាន់តែរីកចម្រើន និងសក្តានុពលផងដែរ។

ចំពោះសិទ្ធិចូលរួមប្រកួត គឺតម្រូវឲ្យកីឡាករ កីឡាការិនីទាំងអស់ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានអាសយដ្ឋានបច្ចុប្បន្ន ឬអង្គភាពបម្រើរការនៅក្នុងខេត្តកណ្តាល កីឡាករ កីឡាការិនីទាំងអស់ មិនមានជាប់ពាក់ព័ន្ធនឹងក្រុមជម្រើសជាតិ (យ៉ាងតិច២ឆ្នាំ) កីឡាករ កីឡាការិនីលើប្រភេទកីឡាបាល់ទះ បាល់បោះ និងអត្តពលកម្ម ១៦ឆ្នាំ ឡើងទៅ ។
លើកលែងតែប្រភេទកីឡាបាល់ទាត់ គឺកីឡាករត្រូវមានអាយុចាប់ពី ៣៥ឆ្នាំឡើងទៅ ប៉ុន្តែកីឡាករវ័យអាយុ២០ឆ្នាំដល់អាយុ ៣៤ឆ្នាំចំនួន ៣នាក់ត្រូវបានអនុញ្ញាតឲ្យចូលលេងលើទីលានបានក្នុងមួយក្រុម។ ចំពោះប្រភេទកីឡាបាល់ទាត់មាន៨ក្រុមចូលរួម និងចែកជា២ពូល ខណៈបាល់បោះបុរសមាន៨ក្រុម ចែកជា២ពូល និងផ្នែកនារី មាន៤ក្រុម៕



