ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ជួបជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌា ដើម្បីជំរុញ «ផលិតផលថាមពលរបស់សហរដ្ឋអាមេរិក» 

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ដោយផ្តោតលើការពង្រីក «ភាពជាដៃគូ» ថាមពល ចំពេលមានវិបត្តិសកលដែលបង្កឡើងដោយសង្គ្រាមអាមេរិក-អ៊ីស្រាអែលជាមួយអ៊ីរ៉ង់។
 
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ថា ក្នុងអំឡុងពេលនៃជំនួបកាលពីថ្ងៃសៅរ៍ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃរបស់លោក Rubio ទៅកាន់ប្រទេសឥណ្ឌា រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបាននិយាយថា ភាគីទាំងពីរបានពិភាក្សាអំពី «ស្ថានភាពនៅមជ្ឈិមបូព៌ា និងភាពជាដៃគូរវាងសហរដ្ឋអាមេរិក-ឥណ្ឌាក្នុងវិស័យថាមពល ការធានាខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗ និងកិច្ចសហការលើបច្ចេកវិទ្យាថ្មីៗ»។
 
លោក Modi បានពិពណ៌នាអំពីការពិភាក្សាថា ផ្តោតលើ «វឌ្ឍនភាពប្រកបដោយចីរភាព» ក្នុងភាពជាដៃគូយុទ្ធសាស្ត្រឥណ្ឌា-អាមេរិក ក៏ដូចជាបញ្ហាសន្តិសុខក្នុងតំបន់ និងសកលលោក។ លោកបានសរសេរនៅលើ X បន្ទាប់ពីកិច្ចប្រជុំថា «ឥណ្ឌា និងសហរដ្ឋអាមេរិកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធដើម្បីផលប្រយោជន៍សកល»។
 
សូមជម្រាបថា ប្រទេសឥណ្ឌា ដែលជាប្រទេសនាំចូលប្រេងឆៅធំជាងគេទីបីរបស់ពិភពលោក ពឹងផ្អែកលើអ្នកផ្គត់ផ្គង់បរទេសសម្រាប់តម្រូវការថាមពលជាង ៨០% របស់ខ្លួន ហើយត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិបត្តិនេះ ទោះបីជាទីក្រុងតេហេរ៉ង់បានអនុញ្ញាតឱ្យនាវាឥណ្ឌាឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលខ្លួនបានបិទចំពោះប្រទេស «អរិភាព» ក៏ដោយ។
ប្រែសម្រួលៈ ណៃ តុលា 

Most Popular

To Top