បរទេស៖ សហរដ្ឋអាមេរិកបានប្រាប់សមាជិកអឺរ៉ុបរបស់អង្គការណាតូថា ខ្លួននឹងកាត់បន្ថយការចូលរួមផ្នែកយោធារបស់ខ្លួនចំពោះប្លុកនេះ ខណៈដែលក្រុមអ្នករៀបចំផែនការយោធារបស់ទីក្រុងវ៉ាស៊ីនតោនកំពុងផ្តោតការយកចិត្តទុកដាក់លើប្រទេសចិន, នេះបើយោងតាមការចុះផ្សាយរបស់កាសែតអាល្លឺម៉ង់ Der Spiegel កាលពីថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ថា សារដែលថ្លែងដោយទីប្រឹក្សាជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ លោក Alexander Velez-Green នៅក្នុងកិច្ចប្រជុំសម្ងាត់របស់អង្គការណាតូនៅទីក្រុងព្រុចសែលកាលពីសប្តាហ៍មុន ដែលសារពីទីក្រុងវ៉ាស៊ីនតោន គឺជាជំហានចុងក្រោយបំផុតនៅក្នុងការដកខ្លួនយឺតៗរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ពីអឺរ៉ុប។
លោក Trump ត្រូវបានគេរាយការណ៍ថា បានរៀបចំបញ្ជី “មនុស្សអាក្រក់ និងល្អ” នៅក្នុងសមាជិកណាតូ ដោយផ្អែកលើការគាំទ្ររបស់ពួកគេចំពោះគោលនយោបាយរបស់លោក ហើយកាលពីដើមខែនេះ បានប្រកាសថា លោកនឹងដកកងទ័ពអាមេរិកចំនួន ៥.០០០ នាក់ចេញពីប្រទេសអាល្លឺម៉ង់។
យោងតាម កាសែត Der Spiegel , លោក Velez-Green បានប្រាប់សមាជិកណាតូថា សហរដ្ឋអាមេរិកនឹង កាត់បន្ថយការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងខ្លាំងចំពោះ “គំរូកម្លាំងណាតូ” – ក្រុមកងទ័ព និងឧបករណ៍ដែលប្លុក អាចដាក់ពង្រាយក្នុងរយៈពេលខ្លី។
កាសែតបានរាយការណ៍ទៀតថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយចំនួនយន្តហោះចម្បាំង ដែលមានសម្រាប់ណាតូមួយភាគបី និងកាត់បន្ថយចំនួនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងនាវាចម្បាំងយ៉ាងច្រើន។ លោក Velez-Green ត្រូវបានគេរាយការណ៍ថា បាននិយាយថា ណាតូក៏នឹងមិនទទួលបាន នាវាមុជទឹក ឬយន្តហោះគ្មានមនុស្សបើករបស់អាមេរិកផងដែរ ដោយទុកឱ្យសមាជិកអឺរ៉ុប របស់ខ្លួនផ្គត់ផ្គង់គ្រឿងបរិក្ខារនេះដោយខ្លួនឯង៕
ប្រែសម្រួលៈ ណៃ តុលា
