កីឡា

គ្រូបង្វឹកជប៉ុន ផ្តោតលើការឈ្នះពានរង្វាន់ World Cup តែមួយគត់ ទោះបីជាអវត្តមានកីឡាករ Mitoma ក៏ដោយ

តូក្យូ ៖ គ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន លោក Hajime Moriyasu ជឿជាក់ថា ក្រុមរបស់លោកអាចឈ្នះពានរង្វាន់នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ World Cup បន្ទាប់ពីជ័យជម្នះមិត្តភាព ជាប្រវត្តិសាស្ត្រលើប្រេស៊ីល និងអង់គ្លេស ទោះបីជាអវត្តមានកីឡាករឆ្នើម Kaoru Mitoma បានធ្វើឲ្យអារម្មណ៍របស់ពួកគេចុះខ្សោយ ក៏ដោយ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

ខ្សែបម្រើស្លាបកីឡាករ Mitoma របស់ក្លិប Brighton នឹងខកខានព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់កម្រិតពិភពលោក “World Cup” បន្ទាប់ពីរងរបួសសរសៃពួរតិចជាងមួយសប្តាហ៍មុនពេលកីឡាករ Moriyasu ដាក់ឈ្មោះក្រុមរបស់លោក។ ជប៉ុនមិនដែលឡើងទៅហួសពីវគ្គ ១៦ ក្រុមចុងក្រោយនៅ World Cup ទេ ប៉ុន្តែពួកគេជាក្រុមដំបូងគេ ឡើង ទៅវគ្គបន្ត ហើយទំនុកចិត្តរបស់ពួកគេកើនឡើង ត្រូវបានជំរុញដោយលទ្ធផល គួរឲ្យចាប់អារម្មណ៍ថ្មីៗនេះ។

ពួកគេត្រូវបានចាប់ឆ្នោតជាមួយហូឡង់ ស៊ុយអែត និងទុយនីស៊ីក្នុងពូល F ហើយពួកគេចាប់ផ្តើមយុទ្ធនាការរបស់ពួកគេប្រឆាំងនឹងហូឡង់នៅទីក្រុង Dallas នៅថ្ងៃទី ១៤ ខែមិថុនា។ របួសរបស់កីឡាករ Mitoma ធ្វើឲ្យ Moriyasu បាត់បង់ខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតម្នាក់របស់លោក ប៉ុន្តែគ្រូបង្វឹកនៅតែមានក្រុមពោរពេញដោយបទពិសោធន៍ក្លឹបអឺរ៉ុប។

លោក Moriyasu បានបន្តថា កាលពីឆ្នាំមុន យើងបានលេងជាមួយប្រេស៊ីលក្នុងការប្រកួតមិត្តភាព ហើយយើងបានយកឈ្នះពួកគេជាលើកដំបូង ហើយ Mitoma មិនមានពេលលេងក្នុងការប្រកួតនោះទេ។ នោះឆ្លុះបញ្ចាំងពីគោលគំនិតរបស់ក្រុម ដែលអ្នកណាក៏អាចចូលរួមក្នុងក្រុមបាន ហើយក្រុមនៅតែបង្ហាញសមត្ថភាពបានល្អ។

ជប៉ុនបានវាយបកពីការចាញ់ ២ គ្រាប់នៅពាក់កណ្តាលម៉ោង ដើម្បីយកឈ្នះប្រេស៊ីលរបស់លោក Carlo Ancelotti ក្នុងលទ្ធផល ៣-២ ការប្រកួតមិត្តភាពនៅទីក្រុងតូក្យូកាលពីខែតុលាឆ្នាំមុន។ វាគឺជាជ័យជម្នះលើកដំបូងរបស់ជប៉ុនលើក្រុមជើងឯកពិភពលោកប្រាំសម័យកាលនេះ។

បន្ទាប់មកពួកគេបានក្លាយជាក្រុមអាស៊ីដំបូងគេដែលបានយកឈ្នះអង់គ្លេស នៅពេលពួកគេទទួលបានជ័យជម្នះ ១-០ នៅ Wembley ខែមីនា។ ជប៉ុនបានចាប់ផ្តើមការប្រកួតទាំងពីរជាមួយនឹងក្រុមដែលមានមូលដ្ឋាននៅអឺរ៉ុបទាំងស្រុង ហើយក្រុម World Cup របស់ពួកគេមានតែកីឡាករបីនាក់ប៉ុណ្ណោះមកពី J.League ក្នុងស្រុក។

លោក Moriyasu ជឿជាក់ថា ពួកគេមានកម្លាំងខ្លាំងជាងពេលណាៗទាំងអស់ និងជំនាញខាងយុទ្ធសាស្ត្រដើម្បីសម្របខ្លួនទៅនឹងគូប្រជែងណាមួយ។ លោកបានបន្ថែមថា ជាការពិតណាស់ កីឡាករមានសេចក្តីសោមនស្សរីករាយ នៅពេលយើងបានយកឈ្នះប្រេស៊ីល និងអង់គ្លេស ជាក្រុម ២ ដែលយើងមិនធ្លាប់យកឈ្នះពីមុនមក។ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា បរិយាកាសមួយដែលកីឡាករ បានផ្លាស់ប្តូរការផ្តោតអារម្មណ៍របស់ពួកគេយ៉ាងឆាប់រហ័ស ទៅកាន់គោលដៅធំជាងនៅខាងមុខ៕

Most Popular

To Top