កីឡា

គ្រូបង្វឹកចិន មកជួយបង្វឹក ដល់អត្តពលិកឃីកបុកស៊ីងកម្ពុជា ត្រៀមប្រជែងមេដាយ ជូនជាតិជើងឯកអាស៊ី នៅកម្ពុជា នាខែធ្នូ ២០២៦

ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់ ឃីកបុកស៊ីងកម្ពុជា បានអញ្ជើញគ្រូបង្វឹកបរទេសកម្រិតខ្ពស់ ដែលជាម្ចាស់មេដាយមាស ពិភពលោក មកជួយពង្រឹង គុណភាពបច្ចេកទេសដល់កីឡាករ កីឡាការិនីកម្ពុជា នៅតាមបណ្តាក្លឹបនានា ត្រៀមប្រកួតដណ្តើម មេដាយជូនជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ការប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី ចាប់ពីថ្ងៃទី១២-២២ ខែធ្នូ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ។

លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាប្រាប់ក្នុងកម្មវិធីសំណេះសំណាលរបស់អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុន ខ្មែរប៊ែវើរីជីសជាមួយបណ្តាក្លឹបប្រដាល់ឃីកបុកស៊ីងកម្ពុជា ដែលត្រូវចូលរួមហ្វឹកហាត់ ជាមួយគ្រូបង្វឹកបរទេស កាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការសហព័ន្ធ កីឡាប្រដាល់ឃីកបុកស៊ីង រាជធានីភ្នំពេញ។

លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡា ប្រដាល់ឃីកបុកស៊ីងកម្ពុជាបានគូសបញ្ជាក់ថា នេះជាកម្មវិធីជួបគ្នាបង្ហាញ ឲ្យកីឡាករ-កីឡាការិនីឃីកបុកស៊ីងកម្ពុជា នៅតាមក្លឹបទាំងអស់បានស្គាល់គ្រូបង្វឹកឃីកបុកស៊ីង បរទេសកម្រតិអន្តរជាតិ ដែលអតីតម្ចាស់មេដាយមាសពិភពលោក ។ អត្តពលិកនានានឹង ចូលរួមហ្វឹកហាត់ផ្ទាល់ជាមួយគ្រូបង្វឹកបរទេស ដើម្បីបង្កើនគុណភាពបច្ចេកទសឲ្យបានខ្ពស់ៗ ត្រៀមចូលរួមប្រកួតកីឡាឃីកបុកស៊ីង ជើងឯកអាស៊ី នាខែធ្នូ ឆ្នាំ២០២៦ ដែលប្រទេសកម្ពុជាគ្រោងធ្វើម្ចាស់ ផ្ទះម្តងទៀត បន្ទាប់ពីឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ប្រកបដោយភាពជោគជ័យ។

លោក ហេង សុខឃន គូសបញ្ជាក់ថា ក្លឹបទាំងអស់នឹងទទួលបានការបង្វឹក ដោយផ្ទាល់ពីគ្រូបង្វឹកបរទេស នៅក្លឹបនីមួយៗប្រមាណ១០ថ្ងៃ ក្នុង១ក្លឹប ។ ជាមួយគ្នានេះ ប្រធានសហព័ន្ធសហព័ន្ធរូបនេះក៏បានជំរុញ ទឹកចិត្តដល់កីឡាករ-កីឡាការិនីកម្ពុជា បន្តការខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យបានខ្លាំងក្លា ដើម្បីត្រៀមចូលរួមប្រកួត ដណ្តើមមេដាយជូនជាតិឲ្យបានច្រើន ក្នុងនាមជាម្ចាស់ផ្ទះ ជើងឯកអាស៊ី នាខែធ្នូ ឆ្នាំ២០២៦។

ប្រធានសហព័ន្ធបន្ថែមថា គ្រូបង្វឹកបរទេស មានចំនួន៤នាក់នឹងផ្លាស់ប្តូរគ្នាម្តង២នាក់ រយៈពេល៣ខែម្តង ដើម្បីចូលរួមបង្វឹក ដល់កីឡាករ កីឡាការិនីកម្ពុជា ខណៈគ្រូបរទេស២នាក់ ៣ខែដំបូងនេះគឺពួកគាត់ធ្លាប់ ជួយប្រភេទកីឡាឃីកបុកស៊ីងកម្ពុជា ឈ្នះមេដាយជូនជាតិ ។ ចំពោះ៣ខែ បន្ទាប់នឹងជ្រើសរើស គ្រូបង្វឹកបរទេសនៅប៉ែកអឺរ៉ុបវិញម្តង ដែលការជ្រើសរើសគ្រូបង្វឹក បរទេសមកជួយពង្រឹងបច្ចេកទេសដល់ឃីកបុកស៊ីងកម្ពុជា នាពេលនេះគឺជាចក្ខុវិស័យវែងឆ្ងាយរបស់សហព័ន្ធ ។

ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ម៉េង បានជំរុញឱ្យកីឡាករ កីឡាការិនីឃីកបុកស៊ីងកម្ពុជា នៅតាមបណ្តាក្លឹបទាំងអស់ ត្រូវបន្តដុសខាត់សមត្ថភាពបច្ចេកទេសឱ្យខ្លាំងក្លា ដើម្បីដណ្តើមេដាយជូនជាតិ។ តាមរយៈការហ្វឹកហាត់នេះ អ្នកឧកញ៉ា បានលើកទឹកចិត្តដល់ក្លឹបរៀបចំកម្មវិធីហ្វឹកហាត់ ឱ្យបានច្បាស់លាស់ ដើម្បីពង្រឹងគុណភាពការហ្វឹកហាត់ឱ្យបានរឹងមាំ ក្នុងការសម្រួចគោល ដៅឆ្ពោះទៅដណ្តើមមេដាយ ជូនជាតិ ស្របពេលដែលក្រុមហ៊ុនរបស់អ្នក ឧកញ៉ាបង្ហាញការ ប្តេជ្ញាចិត្តឧបត្ថម្ភគាំទ្របន្តជំរុញ ឱ្យវិស័យកីឡាជាតិមួយនេះ កាន់តែមានសក្តនុពលផងដែរ៕

Most Popular

To Top