ព័ត៌មានអន្តរជាតិ

ក្រុមអវកាសយានិក NASA កំពុងស្នាក់នៅបណ្តោះអាសន្ន  ខណៈអវកាសយានិករុស្ស៊ី កំពុងជួសជុលការលេចធ្លាយ ស្ថានីយ៍អវកាសអន្តរជាតិ

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា អង្គការអវកាស អាមេរិកណាសា
“NASA” បានផ្លាស់ប្តូរអវកាស យានិក របស់ខ្លួនជាបណ្តោះអាសន្ន នៅលើស្ថានីយ៍អវកាសអន្តរជាតិ (ISS) ចូលទៅក្នុងយានអវកាស ជម្លៀសកាលពីថ្ងៃសុក្រ បន្ទាប់ពីមានការលេចធ្លាយខ្យល់ ត្រូវបានរកឃើញក្នុងម៉ូឌុលមួយ ខណៈពេលដែលអវកាសយានិករុស្ស៊ីកំពុងធ្វើការជួសជុលវា។

យោងតាមអ្នកនាំពាក្យរបស់ NASA លោកស្រី Bethany Stevens បាននិយាយថា ដោយសារមានការប្រុងប្រយ័ត្នខ្ពស់ សមាជិកនៃបេសកកម្ម Crew-12 របស់ទីភ្នាក់ងារត្រូវបាន ណែនាំឲ្យស្លៀកពាក់ឈុតអវកាសរបស់ពួកគេ និងជ្រកកោនក្នុងយានអវកាស SpaceX Dragon  យានប្រើសម្រាប់បេសកកម្ម ដឹកជញ្ជូនទៅ និងមកពី ISS ខណៈពេលដែលការជួសជុលត្រូវបានអនុវត្ត។

សាជីវកម្មអវកាសរុស្ស៊ី Roscosmos បាននិយាយថា កន្លែងលេចធ្លាយអាចកើតមានពីរត្រូវបានកំណត់ អត្តសញ្ញាណក្នុងអំឡុងពេលត្រួតពិនិត្យសម្ពាធជាប្រចាំ ក្នុងបន្ទប់ផ្ទេរនៃម៉ូឌុលសេវាកម្ម Zvezda  ត្រូវបានគេស្គាល់ថា PrK ជាសមាសធាតុសំខាន់នៃស្ថានីយ៍។ មួយត្រូវបានជួសជុលយ៉ាងឆាប់រហ័សដោយប្រើសារធាតុផ្សាភ្ជាប់ពិសេស ហើយការរៀបចំបានចាប់ផ្តើមជួសជុលកន្លែងទីពីរនៅ ក្នុងផ្នែករាងកោណនៃបន្ទប់។

Reuters ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ NASA មួយរូបបានរាយការណ៍ថា លោកស្រី Stevens បានបន្តថា NASA និង Roscosmos បានតាមដានជាយូរមកហើយនូវស្នាមប្រេះក្នុងម៉ូឌុល Zvezda ហើយបានធ្វើការរួមគ្នាដើម្បីកំណត់មូលហេតុនៃការបាត់បង់សម្ពាធដដែលៗ។

លោកស្រីបានបន្ថែមថា Roscosmos បានសម្រេចចិត្តធ្វើប្រតិបត្តិការជួសជុលយ៉ាងទូលំទូលាយបន្ទាប់ពីការលេចធ្លាយចុងក្រោយត្រូវបានរកឃើញ។ អត្រាលេចធ្លាយបានកើនឡើងទ្វេដងពីប្រហែលកន្លះគីឡូក្រាមនៃខ្យល់ក្នុងមួយថ្ងៃដល់ជិតមួយគីឡូក្រាមនៅដើមសប្តាហ៍នេះ៕

Most Popular

To Top