កីឡា

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញជាអធិបតី ពិធីបើកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦

ភ្នំពេញ ៖ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញ ជាអធិបតីភាព ក្នុងពិធីបើកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ នៅវិមានក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញ ពីសំណាក់រដ្ឋលេធិការ អនុរដ្ឋលេធិការ ទីប្រឹក្សា ជំនួយការ អ្នកឧកញ៉ា អគ្គនាយក អគ្គនាយករង ប្រធានអង្គភាព ព្រមទាំងលោក លោកស្រី ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស និងលោកគ្រូ អ្នកគ្រូ សិស្សានុស្សិស្សយ៉ាងច្រើនកុះករ។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋាន កីឡាបានគូសបញ្ជាក់ថា យោងតាមផែនការប្រតិបត្តិប្រចាំឆ្នាំ២០២៦ របស់នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា សហការជាមួយសហព័ន្ធកីឡាជាតិទាំង១២ រៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លើ១២ប្រភេទកីឡារួមមាន កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ និងគុនដាវ ស្មើនឹង១០០វិញ្ញាសា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប១៨៧៦នាក់ ស្រី៤៧៨នាក់ អញ្ជើញមកពីបណ្តាគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចំនួន៤៣ ដោយក្នុងនោះមានគ្រឹះស្ថានសិក្សាសាធារណៈចំនួន១៩ និងគ្រឹះស្ថានសិក្សាឯកជនចំនួន២៤ ។

លោកអគ្គនាយកបន្តទៀតថា ការរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសក្នុងគោលបំណង ដើម្បីបង្ករលក្ខណៈឱ្យនិស្សិតបានជួបជុំ ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដែលនាំមកនូវការលើកកម្ពស់សុខភាពរាងកាយ បង្កើនសុខភាពផ្លូវចិត្ត ពង្រឹងវិន័យ និងការទទួលខុសត្រូវ ចេះធ្វើការងារជាក្រុមមានទំនុកចិត្តលើខ្លួនឯង បង្កើនសាមគ្គីភាពជាតិ កាត់បន្ថយអំពើអបាយមុខនិងបទល្មើស និងជំរុញសេដ្ឋកិច្ចជាតិ។ ពិសេសជាងនេះទៅទៀត ឱ្យស្របទៅតាមលំនាំនៃការរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៨។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ការកែទម្រង់ស៊ីជម្រៅលើវិស័យកីឡា ផ្អែកលើស្មារតី វិស័យអប់រំកាយ និងកីឡា បានបោះជំហានទៅមុខមួយកម្រិតទៀត ដោយបានបន្តកំណែទម្រង់៤ ចំណុចចាស់ និងបន្ថែម២ ចំណុចថ្មី បង្កើតបានជាអាទិភាពគន្លឹះកំណែទម្រង់ស៊ីជម្រៅទាំង៦ ចំណុចរួមានការកែទម្រង់ការគ្រប់គ្រង និងរចនាសម្ព័ន្ធដឹកនាំ ពង្រឹងយន្តការការងារ សហការជិតស្និទ្ធជាមួយសហព័ន្ធកីឡាជាតិ និងគ្រប់គ្រងធនធានឲ្យចំគោលដៅ ។
ចំណុចទី២. ការកែទម្រង់ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស បង្កើនសមត្ថភាពគ្រូបង្វឹក អាជ្ញាកណ្តាល និងមន្ត្រីបច្ចេកទេស ឱ្យស្របតាមស្តង់ដារអន្តរជាតិ។ ទី៣. ការកែទម្រង់រៀបចំការប្រកួតគ្រប់កម្រិត ធានាការរៀបចំការប្រកួតកីឡាសិស្ស កីឡាឧត្តមសិក្សា និងការប្រកួតថ្នាក់ជាតិ ប្រកបដោយតម្លាភាព និងបច្ចេកទេសខ្ពស់។ ទី៤. ការកែទម្រង់ការកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា រៀបចំ និងថែទាំទីលាន ឧបករណ៍សម្ភារកីឡា នៅតាមគ្រឹះស្ថានសិក្សា និងមជ្ឈមណ្ឌលកីឡា។
ទី៥. ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងស្ថិតិកីឡា ធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យកីឡា ការចុះឈ្មោះ និងការវិភាគទិន្នន័យកីឡាករឱ្យមានភាពច្បាស់លាស់។ ទី៦. ការពង្រឹងសុចរិតភាព និងយុត្តិធម៌ក្នុងកីឡា ផ្តោតលើការប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់ (Anti-Doping) និងការលុបបំបាត់ការកែប្រែទិន្នន័យអាយុ ឬការប្រកួតមិនស្មោះត្រង់៕

Most Popular

To Top