ភ្នំពេញ៖ នាល្ថាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក ព្រុំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា តំណាងឲ្យលោក អ៊ុក សិទ្ធិជាតិអគ្គនាយកកីឡា បានដឹកនាំកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិទំាង ៣០ ជាលើកទី៣នៃកិច្ចប្រជុំត្រៀមលក្ខណៈការប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ ២០២០ នៅសាលប្រជុំនាយកដ្ឋាន ។
លោក ព្រុំ ប៊ុណ្ណយី បានមានប្រសាសន៍ថា គ្រាប់វិញ្ញាសាទំាងអស់របស់សហព័ន្ធកីឡាជាតិត្រូវតែមាន៥រាជធានីខេត្តក្រុងចូលរួមទើបដាក់ឲ្យប្រកួតជាផ្លូវការ ប្រសិនបើមាន៣ ឬ៤រាជធានីខេត្តក្រុងមិនដាក់ឲ្យប្រកួតជាផ្លូវការទេ ដោយឲ្យសហព័ន្ធតាមប្រភេទកីឡាគិតថា ការប្រកួតជាការសម្តែង ឲ្យសហព័ន្ធគិតគូរប្រាក់រង្វាន់លើកទឹកដោយខ្លួនឯង និងគ្មានមេដាយជូន តាមគោលការណ៍កីឡាជាតិឡើយ។
លោកបានបន្តថា ការប្រកួតកីឡាជាតិលើកទី១ ឆ្នាំ២០១៦ មានប្រភេទកីឡាចំនួន១៥ វិញ្ញាសាមានចំនួន ១៨៩ រាជធានី-ខេត្តចំនួន២៥ ដោយមានមន្រ្តីដឹកនាំ និងគ្រូបង្វឹក មានចំនួន ៥៣១ នាក់ កីឡាករចំនួន ១៤៩៧ នាក់ កីឡាការិនីមានចំនួយ ៦០៩ នាក់ សរុបចំនួន ២៦ ៣៧ នាក់ ។ ចំណែកកីឡាជាតិលើកទី២ ឆ្នាំ២០១៨ មានប្រភេទកីឡាចំនួន២៧ វិញ្ញាសាមានចំនួន ២៧៤ រាជធានីខេត្ត ២៥ និង៣ក្រសួងគឺ ក្រសួងការពារជាតិ មហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្រ្តីដឹកនាំ និងគ្រូបង្វឹក មានចំនួន ៧៥៩ នាក់ កីឡាករចំនួន ២២៨៤ នាក់ កីឡាការិនី មានចំនួន ៩៩៩ នាក់សរុបចំនួន ២៦ ៣៧ នាក់។ ការប្រកួតកីឡាជាតិលើកទី២មានរហូតដល់ ២៧ប្រភេទកីឡា ដូច្នេះក្រុមគណៈកម្មការត្រូវជ្រើសរើសយកទីលានចំនួន៤ខេត្ត-រាជធានីរៀបចំធ្វើ គឺរាជធានីភ្នំពេញ ខេត្តកែប កំពត និងខេត្តកំពង់ធំ ។
ចំពោះកីឡាជាតិលើកទី៣ មានកីឡាទាំង៣០ប្រភេទត្រូវដាក់ប្រកួតរួមមានកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់, វាយសី, វាយកូនបាល់, វាយកូនឃ្លីលើតុ, ចំបាប់, តេក្វាន់ដូ W.T.F របស់កូរ៉េខាងត្បូង, ហែលទឹក, ល្បុក្កតោ, កាយសម្ព័ន្ធ, ប្រដាល់សាកល, ហ្សូរិនជីកាំប៉ូ និង តេក្វាន់ដូ I.T.F របស់កូរ៉េខាងជើង។
ការ៉ាតេដូ, ប្រដាល់គុនខ្មែរ, យូដូ, ទ្រីយ៉ាត្លុង, សូហ្វតិន្នីស, បេស្បល, ប្រណាំងកង់, សីដក់, កីឡាបាញ់កាំភ្លើង និង វ៉ូវីណាម ហើយឆ្នាំនេះក្រសួងសម្រេចថែម៣ប្រភេទកីឡាទៀត គឺម៉ូតូទឹក អុក និងកីឡាជិះសេះ។ ការប្រកួតកីឡាជាតិលើកទី៣នឹងប្រព្រឹត្តចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២០ ៕ ដោយ៖លី ភីលីព