កីឡា

លោក វ៉ាត់ ចំរើន ៖ អត្តពលិក សិស្ស មន្ត្រី NOCC ៨០០នាក់ គ្រោងចូលរួមវេទិកាជាតិ-ទិវាអូឡាំពិក ចុងខែនេះ

ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនី សិស្សានុសិស្ស និងមន្ត្រីគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា “NOCC” ប្រហែល ៧០០ ទៅ ៨០០នាក់នឹងចូលរួមវេទិកា អត្តពលិកជាតិ និងទិវាអូឡាំពិក នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បញ្ជាក់ថា ដោយទទួលបានគោលការណ៍ពីលោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC និងកិច្ចសហការពីស្ថានទូតអាមេរិកប្រចាំកម្ពុជា សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា និងដៃគូផ្សេងៗ, NOCCនឹងរៀបចំវេទិកាអត្តពលិកជាតិផ្ដោតលើប្រធានបទពីការត្រៀមចូលរួមប្រកួតកីឡាអូឡាំពិក នៅអាមេរិក ឆ្នាំ២០២៨។ វេទិកាអត្តពលិកជាតិនឹងមានការពិគ្រោះយោបល់ លើកទឹកចិត្តអត្តពលិកកម្ពុជា ត្រៀមចូលរួមប្រកួតជម្រុះ ដើម្បីដណ្ដើមសិទ្ធិប្រកួតអូឡាំពិកហ្គេម។

ទិវាអូឡាំពិកនេះធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំឭក-ផ្សព្វផ្សាយគុណតម្លៃនៃចលនាអូឡាំពិក ដែលផ្តោតលើមិត្តភាព សាមគ្គីភាព ការគោរពគ្នាទៅវិញទៅមក និងឆ្ពោះទៅរកឧត្តមភាព។ ទិវានេះក៏ជាលើកកម្ពស់សន្តិភាព ការយោគយល់គ្នា និងការរស់នៅប្រកបដោយសុខដុមរមនា ក្នុងចំណោមប្រជាជនគ្រប់ជាតិសាសន៍។ ទិវាអូឡាំពិកមានគោលបំណងជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគ្រប់វ័យចូលរួមហាត់ប្រាណ និងលេងកីឡាជាប្រចាំ ដើម្បីពង្រឹងសុខភាព និងលើកកម្ពស់គុណភាពជីវិតផងដែរ៕
ដោយ៖លី ភីលីព

Most Popular

To Top