កីឡា

សែម ណាង និងយុគ យក្សផ្លែសាក់ស្នៀតគុននឹងថៃ ការប្រកួតខារ៉ាបាវនៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍

ភ្នំពេញ៖ អ្នកប្រដាល់ សែម ណាង “ឡុង សំណាង” ក្លិបសាលវ័ន្តកីឡាជួបជាមួយអ្នកប្រដាល់ថៃ Den Phichhit ប្រកួតគ្នាក្នុងទម្ងន់៦៣,៥០គីឡូក្រាម ខណៈ អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ យុគ យក្សផ្លែ ក្លិបបុរីរាជសីហ៏មានរិទ្ធប៉ះអ្នកប្រដាល់ថៃ Khorn khopday ប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាម នៃការប្រកួតខារ៉ាបាវនៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

លោកញាណ សុធី អ្នកគ្រប់គ្រងសង្វៀន SEATV បានប្រាប់ឲ្យដឹងថា ឡុង សំណាង និង Den Phichhit ជើងខ្លាំងទាំង២នាក់នេះមិនធ្លាប់ប៉ះគ្នាទេកន្លងមក។ សម្រាប់សំណាង វាយលឿន រហ័ស និង ខ្លាំង ព្រមទាំងមានផ្លែល្អថែមទៀត។ យ៉ាងណាសំណាងគេជាអ្នកប្រដាល់ដែលមានកម្លាំងកាយសម្បទារឹងមាំ និងចិត្តប្រដាល់ធំ មិនញញើតចំពោះគូប្រកួតឡើយ ។

ចំណែកអ្នកប្រដាល់ថៃ Den Phichhit រូបនេះ មានភាពខ្លាំងខាងជង្គង់ និង កែង ហើយក៏ប៉ិនកាច់ផ្ដួលគូប្រកួតដែរ ។ គេវាយមួយៗទេ តែច្បាស់ និង ចំគោលដៅល្អ។ ទោះជាយ៉ាងនេះក្តី សម្រាប់ការប្រកួតលើកនេះ មិនដឹងថា Den Phichhit អាច ឈ្នះឡុង សំណាង បានឬអត់នោះទេ?។


តែយ៉ាងណា អ្នកប្រដាល់ថៃរូបនេះ ប្រហែលជាមិនឈ្នះឡុងសំណាង នោះទេ ដោយសារសំណាងគេខ្លាំងសម្រុកវាយ មិនដកដៃឡើយ។ ឡុង សំណាងមានប្រវត្តិប្រកួតចំនួន៩៥លើក ឈ្នះ៨១លើក ចាញ់១១លើក និងស្មើ០៣លើក និង Den Phichhit មានប្រវត្តិប្រកួតចំនួន ៧៩លើក ឈ្នះ៦២លើក ចាញ់១៦លើក និង ស្មើ០១លើក។

ចំពោះអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ យុគ យក្សផ្លែ ក្លិបបុរីរាជសីហ៏មានរិទ្ធប៉ះអ្នកប្រដាល់ថៃ Khorn khopday ប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាម ។ យុគ យក្សផ្លែ មួយរយៈនេះគេច្រើនតែចេញទៅប្រកួតនៅក្រៅប្រទេសដោយវ៉ៃក្បាច់គុនចម្រុះ ហើយអ្នកប្រដាល់រូបនេះវ៉ៃល្អនៅក្រៅប្រទេស តែក្នុងប្រទេសគេហាក់ដូចជាវ៉ៃមិនសូវបានល្អឡើយ ។

ដោយឡែក Khorn khopday វិញជាអ្នកប្រដាល់ចិត្តស្ងប់មួយរូបដែលមិនសូវមាត់ ក ឡើយ ប៉ុន្តែការវ៉ៃចេញរបស់គេរហ័សការទាត់ចេញរបស់គេធ្ងន់ ចំណែកកណ្ដាប់ដៃរបស់គេ ក៏មិនស្រួលក៏ធ្ងន់មិនចាញ់ លីភា ដែរ ។ ប្រដាល់ថៃរូបនេះប្រកួតចំនួន៦៨ដង ឈ្នះ៥៥ដង ចាញ់១២ដង និងស្មើពិន្ទុ១ដង ចំពោះលី ភាប្រកួតចំនួន៧៩ដង ឈ្នះ៦៧ដង ចាញ់១២ដង និងមិនដែរស្មើ៕ ដោយ៖លី ភីលីព

Most Popular

To Top