សិល្បៈ និង កម្សាន្ត

ការធ្វើច្រមុះរបស់នាង Lisa សមាជិក BLACKPINK បានក្លាយជាប្រធានបទ យ៉ាងក្តៅគគុក លើបណ្តាញសង្គមក្នុងប្រទេសកូរ៉េ

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ការបង្ហាញខ្លួនថ្មីៗនេះ របស់តារាចម្រៀងនាង Lisa សមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូងBLACKPINK ក្នុងពិធីបើកព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2026 បានបង្កឲ្យមាន ការជជែកវែកញែកយ៉ាងខ្លាំង យ៉ាងក្តៅគគុកតាមអ៊ីនធើណេត។

មិនយូរប៉ុន្មានបន្ទាប់ពីរូបថត ពីព្រឹត្តិការណ៍នេះបានរីករាលដាល យ៉ាងទូលំទូលាយ អ្នកគាំទ្រ K-Pop ជាច្រើនបានចាប់ផ្តើម ស្មានថា នាង Lisa ប្រហែលជាបានវះកាត់ច្រមុះ ។ ការបង្ហោះមួយនៅលើបណ្តាញសង្គម X ប្រៀបធៀបរូបថតប្រវត្តិរូបថ្មីៗ របស់នាងទៅនឹងរូបភាពចាស់ៗ បានទទួលការចាប់អារម្មណ៍ យ៉ាងឆាប់រហ័ស ដោយអ្នកខ្លះអះអាងថា ច្រមុះរបស់នាងមើលទៅខុសគ្នា គួរឲ្យកត់សម្គាល់។

ការពិភាក្សានេះបានរីករាលដាល ដល់សហគមន៍អនឡាញកូរ៉េភ្លាមៗ ។ ការបង្ហោះមួយនៅលើ Pann ដែលពិភាក្សាអំពីពាក្យចចាមអារ៉ាមនេះ មានចំនួនអ្នកចូលមើលលើសពី ១០០,០០០ ដងបានក្លាយជាប្រធានបទ ដ៏ក្តៅគគុកបំផុតរបស់វេទិកានាពេលបច្ចុប្បន្ន។

ខណៈពេលដែលអ្នកគាំទ្រ K-Pop អន្តរជាតិ បន្តជជែកវែកញែកអំពីរូបថតទាំងនោះ អ្នកប្រើប្រាស់អ៊ីនធើណេតកូរ៉េជាច្រើន ហាក់ដូចជាមិនសូវមានការព្រួយបារម្ភអំពីថា តើនាង Lisa បានឆ្លងកាត់ការវះកាត់កែសម្ផស្សឬអត់នោះទេ៕

Most Popular

To Top