ភ្នំពេញ ៖ សិក្ខាកាមចំនួន ២០ នាក់ ចូលរួមសិក្សាវគ្គបណ្តុះបណ្តាលគ្រូបង្វឹក កម្រិតមូលដ្ឋានអន្តរជាតិ ឆ្នាំ២០២៦ “ITF Play Tennis Course” ចាប់ពីថ្ងៃទី ២២-២៥ ខែមិថុនា ឆ្នាំ២០២៦ នៅការិយាល័យ Tennis Cambodia នាពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំ២០២៦ របស់ក្រសួងអប់រំយុវជននិងកីឡា រៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា (Tennis Cambodia)។

លោក ជា ពៅ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជានឹងបើកចំហសម្រាប់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី លោកគ្រូ-អ្នកគ្រូនៅសាលារៀន ក្លិបកីឡាវាយកូនបាល់ និងអ្នកដែលមានចំណាប់អារម្មណ៍លើការបង្វឹកកីឡាវាយកូនបាល់។ វគ្គនេះមានសារសំខាន់សម្រាប់លោកអ្នកជាគ្រូបង្វឹកតាមបណ្តាលក្លិបកីឡាវាយកូនបាល់នៅទូទាំងប្រទេស។ អ្នកចូលរួមទាំងអស់នឹងទទួលបាន អាវ T-Shirt ដោយឥតគិតថ្លៃ អាហារថ្ងៃត្រង់ និងវិញ្ញាបនបត្រឌីជីថលពី ITF បន្ទាប់ពីបញ្ចប់វគ្គសិក្សា។ សិក្ខាកាមដែលមានសិទិ្ធចូលរួមរៀន មានអាយុចាប់ពី ១៦ ឆ្នាំឡើងទៅ ។

លោកអគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបន្តថា វគ្គនេះបានដំណើរទៅបានយ៉ាងរលូនមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួង អប់រំ យុវជន និងកីឡាដើម្បីជួយពន្លឿន ការអភិវឌ្ឍសហព័ន្ធកីឡាជាតិ និងលើកកម្ពស់សមត្ថភាព បច្ចេកទេសរបស់គ្រូបង្វឹក ក្នុងវិស័យកីឡាវាយកូនបាល់កម្ពុជា ៕





