កីឡា

លោកទេសរដ្ឋមន្ត្រី លោក ថោង ខុន អំពាវនាវឲ្យសិស្សានុសិស្ស និងអត្តពលិកទាំងអស់ចូលរួមបំផុសចលនា “ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត”

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី លោក ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស) និងប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក Benjamin Chiang អនុប្រធានបេសកកម្មស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិក នាថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម វេទិការអត្តពលិកជាតិ ក្រោមប្រធានបទ “ចក្ខុវិស័យកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិក ទីក្រុង LA ឆ្នាំ២០២៨ និងបំណិនអាជីពសម្រាប់អត្តពលិក” និងទិវាអូឡាំពិក ក្រោមប្រធានបទ “ក្រុមកីឡាកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិក ទីក្រុង LA ឆ្នាំ២០២៨” នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ក្នុងពិធីនេះក៏ដោយមានការអញ្ជើញចូលរួមលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក Casey Barnett ទីប្រឹក្សាពិសេសផ្នែកគោលនយោបាយសាធារណៈ នៃ AmCham Cambodia និងលោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោកទេសរដ្ឋមន្ត្រី លោក ថោង ខុន បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃពិសេសសម្រាប់ចលនាអូឡាំពិកកម្ពុជាក្នុងការប្រារព្វខួបលើកទី១៣២ នៃទិវាអូឡាំពិក ដើម្បីរំលឹកដល់ការបង្កើតចលនាអូឡាំពិកសម័យទំនើប (២៣ មិថុនា ១៨៩៤ – ២៣ មិថុនា ២០២៦) ដែលផ្តួចផ្តើមដោយស្ថាបនិកជនជាតិបារាំងគឺលោក Pierre de Coubertin។ ទិវាអូឡាំពិក ឆ្នំា២០២៦នេះ ក្រោមមូលបទ “ក្រុមកីឡាកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិក ទីក្រុង LA ឆ្នាំ២០២៨” ជាមួយយុទ្ធនាការ “ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទ យ៉ាងតិច” ដែលផ្តួចផ្តើមដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល សម្តេច បានប្រកាសជាផ្លូវការ នាឱកាសព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឆ្នាំ២០១៦។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងឱកាសប្រារព្វទិវាអូឡាំពិកនាឆ្នាំ២០២៦នេះ ខ្ញុំសូមអំពាវនាវឲ្យក្មួយៗសិស្សានុសិស្ស និងអត្តពលិកទាំងអស់ចូលរួមបំផុសចលនា “ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត” ដើម្បីទទួលបានសុខភាពល្អ ទាំងសុខភាព រាងកាយ ស្មារតី និងបញ្ញាញាណ ក្នុងគោលដៅ អភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ លោក Benjamin Chiang អនុប្រធានបេសកកម្មស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិក លោក សេង តុលា តំណាងទីភ្នាក់ងារជាតិមុខរបរ និងការងារ មន្ទីរអប់រំ យុវជន និងកីឡា និង SISO BAKERY CAMBODIA, VATTANAC BREWERY CO., LTD, NEW-T-RICH CO., LTD. និងផលិតផល FLOW ចំពោះកិច្ចសហការគាំទ្ររៀបចំវេទិកាអត្តពលិកជាតិ និងទិវាអូឡាំពិកឆ្នាំ២០២៦នេះ។ ខ្ញុំក៏សូមអរគុណដល់ លោក Casey Barnett ទីប្រឹក្សាពិសេសផ្នែកគោលនយោបាយសាធារណៈ នៃ AmCham Cambodia និងធនាគារ ABA បានបង្កើតយុទ្ធនាការស្វែងរកមូលនិធិគាំទ្រ ក្រុមកីឡាកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិក ទីក្រុង LA ឆ្នាំ២០២៨៕
ដោយ៖លី ភីលីព

Most Popular

To Top