កីឡា

លោក ហួត សេងទ្រី ដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំ ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ជាមួយសហព័ន្ធកីឡាជាតិ

ភ្នំពេញ ៖ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ ព្រឹត្តិការណ៍និងស្ថិតិកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នៅសាលប្រជុំនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ដោយមានការអញ្ជើញចូលរួមពីសំណាក់សហព័ន្ធកីឡាជាតិទាំង៣២ និងគណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា ។

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រកួតកីឡាជាតិលើកទី៥ និងកីឡា ជាតិជនពិការ លើកទី៣ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប កំពង់ឆ្នាំង និងខេត្តស្វាយរៀង។ ដើម្បីឲ្យការរៀបចំប្រកួតនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ នាយកដ្ឋាន រៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា នឹងរៀបចំកិច្ចប្រជុំស្តីពីការត្រៀមរៀបចំការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិ ជនពិការ លើកទី៣ ឆ្នាំ២០២៦ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងកំណត់ទីតាំងប្រកួត និងវិញ្ញាសាជាផ្លូវការតាមប្រភេទកីឡានីមួយៗ។

ចំពោះព្រឹត្តិការណ៍កីឡាដែលធ្វើរៀងរាល់ ២ឆ្នាំម្ដងនេះ ក្រសួងអប់រំ បានដាក់ ៣២ ប្រភេទកីឡា មានដូចជា បាល់ទាត់ បាល់ទះ បាល់បោះ អត្ដពលកម្ម ហែលទឹក វាយសី ប្រដាល់សកល ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូITF តេក្វាន់ដូWT កាយសម្ព័ន្ធ យូដូ ការ៉ាតេ ទោចក្រយាន ទ្រីយ៉ាត្លុង គុនដាវ ប្រពៃណី ប្រដាល់គុនខ្មែរ ប៉េតង់ គុនល្បុក្កតោ រាំ វ៉ូវីណាម ប៊ីយ៉ា និងស្នូកឃ័រ ជឺជីតស៊ូ ឃីកបុកស៊ីង វាយកូនបាល់ សូហ្វតិន្នីស អុកចត្រង្គ លើកទម្ងន់ ហុកគី និង វូស៊ូ។
ចំណែក ៧ប្រភេទក្នុងព្រឹត្តិការណ៍កីឡាជាតិជនពិការ មាន៖ អត្ដពលកម្មជនពិការ ហែលទឹកជនពិការ អុកជនពិការ បាល់បោះជិះរទេះជនពិការ បាល់ទះអង្គុយជនពិការ បូស្យាជនពិការ និងវាយកូនឃ្លីលើតុជនពិការ ។ ក្រសួងអប់រំ ធ្លាប់រៀបចំព្រឹត្តិការណ៍នេះ ៤ លើករួចហើយ ដែលលើកទី១ នៅឆ្នាំ២០១៦ លើកទី ២នៅឆ្នាំ២០១៨ លើកទី៣ នៅឆ្នាំ២០២២ និងលើកទី៤ នៅឆ្នាំ២០២៤។ ក្នុងព្រឹត្តិការណ៍លើកទី ៥ នោះ មានការប្រកួតកីឡា ៣២ ប្រភេទ និងកីឡាប៉ារ៉ាឡាំពិក៧ប្រភេទ មាន ៣២៧ វិញ្ញាសា៕

Most Popular

To Top