ភ្នំពេញ ៖ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងនាយកនៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានដឹកនាំកិច្ចប្រជុំស្តីពីការធ្វើកាតកីឡាករ-កីឡាការិនី និងការអនុវត្តសៀវភៅកត់ត្រា ការប្រកួតរបស់កីឡាករ-កីឡាការិនីជាមួយលោកស្រី និងលោកប្រធានសាលាគុន ក្លិបកីឡាប្រដាល់ គុនខ្មែរ ទូទាំងប្រទេសដែលប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត ក្នុងពហុកីឡដ្ឋានជាតិ ។

លោក ទុយ ប៊ុនហឿន អនុប្រធាន និងអនុគណៈកម្មការ អភិវឌ្ឍសមាគម សាលាគុន និងក្លិប បានប្រាប់ឲ្យដឹងថា មកដល់ពេលនេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានសាលគុន ក្លិបជាសមាជិកសរុប ១៣៩ ក្នុងនោះក្លិបមានសុពលភាព មានឯកសារចំនួន ៧៥ រីឯក្លិបអស់សុពលភាព ពុំមានឯកសារចំនួន៦៤។ អត្តពលិកសរុបចំនួន១១០៤នាក់ កីឡាការិនីចំនួន៧៥នាក់ មន្ត្រី គ្រូបង្វឹកក្លិបសរុបចំនួន៦៦៤នាក់ នារី១០៨នាក់ សរុបរួម ចំនួន ១៧៦៨នាក់។

សមាសភាពមន្ត្រី គ្រូបង្វឹកក្លិប កីឡាករ-កីឡាការិនីនៅមិនទាន់បានធ្វើអត្តសញ្ញាណប័ ណ្ណកីឡា និងសៀវភៅកត់ត្រាការប្រកួតនៅឡើយទេ ដោយមូលហេតុលោក និងលោកស្រីជាអ្នកដឹកនាំក្លិប មួយចំនួនមិនទាន់បានយល់ច្បាស់ពីតួនាទី ភារកិច្ចជាសមាជិករបស់សហព័ន្ធ ដែលនាំឲ្យមានផលប៉ះពាល់ដល់ ដំណើរនៃការដឹកនាំ គ្រប់គ្រងរបស់សហព័ន្ធពុំមានប្រសិទ្ធភាពខ្ពស់នៅឡើយ។

លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា ការធ្វើកាតនិងការអនុវត្តសៀវភៅកត់ត្រា ការប្រកួតរបស់កីឡាករ-កីឡាការិនី ដើម្បីឲ្យមានភាពងាយស្រួល ក្នុងការគ្រប់គ្រងទិន្នន័យក្លិប គ្រូបង្វឹក កីឡាករ-កីឡាការិនី ជាសមាជិករបស់សហព័ន្ធមិនទាន់ បានច្បាស់លាស់ ។ ការផ្លាស់ប្តូរក្លិបរបស់គ្រូបង្វឹក កីឡាករ-កីឡាការិនីពីក្លិបមួយ ទៅក្លិបមួយ សហព័ន្ធមិនបានដឹងមានបញ្ហាតវ៉ាប្តឹងផ្តល់គ្នា។ ពេលកីឡាករ កីឡាការិនីប្រកួតមានរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យ ពុំមានប័ណ្ណសម្គាល់ខ្លួន បង្ហាញទៅមន្ទីរពេទ្យ ។

លោកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបន្តថា ការផ្គូរផ្គង ចាប់គូប្រកួតពុំមានឯកសារ ជាមូលដ្ឋានសម្រាប់ពិនិត្យសម្គាល់អត្តសញ្ញាណ កីឡាករ-កីឡាការិនី ដូចជាអាយុ ចំនួនប្រកួត លទ្ធផលការប្រកួតឲ្យបានច្បាស់លាស់នៅឡើយ។ ដើម្បីពង្រឹងការគ្រប់គ្រងសមាគម សាលាគុន ក្លិបអនុគណៈកម្មការ អភិវឌ្ឍសមាគម សាលាគុន ក្លិប។ សាលាគុន ក្លិបដែលមិនទាន់បានស្នើសុំចូលជាសមាជិករបស់សហព័ន្ធ ត្រូវបំពេញបែបបទ ស្នើសុំចូលជាសមាជិក របស់សហព័ន្ធ ។ សាលាគុន ក្លិបណាដែលធ្នាប់បានស្នើសុំចូលជាសមាជិករបស់សហព័ន្ធហើយ ប៉ុន្តែអស់សុពលភាព ត្រូវបំពេញ បែបបទស្នើសុំបន្តសុពលភាព ហើយសាលាគុន ក្លិបជាសមាជិករបស់សហព័ន្ធ ត្រូវស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណកីឡាជូនមន្ត្រី កីឡាករ និងសៀវភៅ កត់ត្រាការប្រកួតឲ្យបានគ្រប់ៗគ្នា ។

លោក ខូវ ឆាយ បានបន្ថែមថា ស្នើសុំអ្នករៀបចំកម្មវិធី ក្រុមហ៊ុនឧបត្ថម្ភ ស្ពានស័រ ដៃគូអភិវឌ្ឍទាំងអស់ ចូលរួមសហការអនុវត្តលក្ខន្តិកៈ បទបញ្ជា ផ្ទៃក្នុង បទបញ្ជាបច្ចេកទេសគ្រប់គ្រងការប្រកួតរបស់សហព័ន្ធ ក៏ដូចជាការចូលរួមចំណែកអនុវត្តកម្មវិធីនយោបាយ យុទ្ធសា ស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្រកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា និង គន្លងអនុវត្តរបស់ស្ថាប័នអន្តរជាតិនានា៕


