ភ្នំពេញ ៖នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមគ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាលជាតិ និងអាជ្ញាកណ្តាលអន្តរជាតិកីឡាការ៉ាតេរបស់ប្រទេសកម្ពុជាចំនួន៩ រូបនឹងចេញដំណើរប្រឡង និងចូលរួមធ្វើអាជ្ញាកណ្តាល ព្រឹត្តិការណ៍“ The 13th South East Asian Karate Federation Championship” នៅទីក្រុង NINH BINH ប្រទេសវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។

លោក ហេង ផេង គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេ បានប្រាប់តាមអនឡាញឲ្យដឹងថា ក្រុមគ្រូបង្វឹក គ្រូជំនួយ អាជ្ញាកណ្តាលជាតិ និងអាជ្ញាកណ្តាលអន្តរជាតិកីឡាការ៉ាតេរបស់ប្រទេសកម្ពុជាចំនួន១៤ រូប រូមមាននាយកបច្ចេកទេស ១ រូប អាជ្ញាកណ្តាល ចៅក្រម ៨ រូប និងគ្រូបង្វឹក គ្រូជំនួយ ៥ រូបនឹងចេញដំណើរនាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ចំណែកកីឡាករ-កីឡាការិនីចំនួន ២៥ រូប ក្នុងនោះកីឡាការិនីចំនួន ៧ រូប និងកីឡាករ ១៨ រូប នឹងចេញដំណើរនាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។

គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេ បានបន្តថា លោក ម៉ៅ ម៉ុន នាយកបច្ចេកទេស លោក ប៉ែន រតនា អាជ្ញាកណ្តាលកម្រិតអន្តរជាតិ កញ្ញា ជា ថារី អាជ្ញាកណ្តាលកម្រិតអន្តរជាតិ កញ្ញា អ៊ីវ សម្ជស្ស អាជ្ញាកណ្តាល ចៅក្រម លោក យ៉េក លីអេង អាជ្ញាកណ្តាល ចៅក្រម លោក ហេង ផេង គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេ លោកស្រី OMITA OLGA OMPI គ្រូជំនួយបរទេស លោក ដែក ភារៈ គ្រូជំនួយ ចំណែកលោក ជុន ជឿន គ្រូជំនួយ និងលោក ថាំង វិបុល គ្រូជំនួយ ថ្ងៃទី៧ ចេញដំណើរជាមួយកក្រុមអត្តពលិកតាមក្រោយ។

លោក ហេង ផេង បានបញ្ជាក់ថា អាជ្ញាកណ្តាលកម្រិតជាតិ ចៅក្រម ៣ រូប ត្រូវប្រឡងយកអាជ្ញាកណ្តាលកម្រិតអន្តរជាតិ រួមមាន លោក កៅ ងួនណូរ៉ា អាជ្ញាកណ្តាលកម្រិតជាតិ ចៅក្រមត្រូវប្រឡងយកអាជ្ញាកណ្តាលកម្រិតអន្តរជាតិ កញ្ញា តាំង សុភាព អាជ្ញាកណ្តាលកម្រិតជាតិ ចៅក្រមត្រូវប្រឡងយកអាជ្ញាកណ្តាលកម្រិតអន្តរជាតិ និងលោក ចំរើនណេតធាវី សេរី អាជ្ញាកណ្តាលកម្រិតជាតិ ចៅក្រមត្រូវប្រឡងយកអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ។

លោក ហេង ផេង គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេ បានបន្ថែមថា សហព័ន្ធកីឡាការ៉ាតេកម្ពុជាត្រៀមបញ្ជូនប្រតិភូ អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីកម្ពុជាលក្ខណៈទ្រុងទ្រាយធំចូលរួមព្រឹត្តិការណ៍“ The 13th South East Asian Karate Federation Championship” នៅទីក្រុង NINH BINH ប្រទេសវៀតណាម ចំនួន ៤០ រូប ដូចជាលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធ កីឡាការ៉ាតេកម្ពុជា និងប្រធានប្រតិភូកីឡាការ៉ាតេកម្ពុជា លោក ម៉ៅ ម៉ុន នាយកបច្ចេកទេស អាជ្ញាកណ្តាលជាតិ និងអន្តរជាតិចំនួន ៩ រូប គ្រូបង្វឹក គ្រូជំនួយ ៥ រូប និងកីឡាករ-កីឡាការិនីចំនួន ២៦ រូប ក្នុងនោះកីឡាការិនីចំនួន៧ រូប និងកីឡាករ ១៩ រូប៕
ដោយ៖លី ភីលីព

