ភ្នំពេញ ៖ប្រតិភូ គ្រូបង្វឹក គ្រូជំនួយក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិការ៉ាតេកម្ពុជា បានវិលត្រឡប់មកមាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់បេសកកម្ម ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី ១៣ ឆ្នាំ២០២៦ នៅទីក្រុង NINH BINH ប្រទេសវៀតណាម ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធ កីឡាការ៉ាតេកម្ពុជា និងប្រធានប្រតិភូ កីឡាការ៉ាតេកម្ពុជា ។

កីឡារ សូត ផានិត ដណ្តើមបានមេដាយ មាសលើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម បន្ទាប់ពីបានឈ្នះលើក កីឡាករហ្វីលីពីននៅវគ្គផ្តាច់ព័្រត្រក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍លើកទី ១៣ ឆ្នាំ២០២៦ The 13th South East Asian Karate Championship 2026” នៅទីក្រុង NINH BINH ប្រទេសវៀតណាម ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ។

សហព័ន្ធកីឡាការ៉ាតេកម្ពុជា ត្រៀមបញ្ជូនប្រតិភូ អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនីកម្ពុជា លក្ខណៈទ្រុងទ្រាយធំចូលរួមព្រឹត្តិការណ៍“ The 13th South East Asian Karate Championship 2026” នៅទីក្រុង NINH BINH ប្រទេសវៀតណាម ចំនួន ៤០ រូបដូចជាលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធ កីឡាការ៉ាតេកម្ពុជា និងប្រធានប្រតិភូកីឡាការ៉ាតេកម្ពុជា លោក ម៉ៅ ម៉ុន នាយកបច្ចេកទេស លោក ហេង ផេង គ្រូបង្វឹកក្រុមជម្រើសជាតិកីឡាការ៉ាតេ លោកស្រី OMITA OLGA OMPI គ្រូជំនួយបរទេស លោក ដែក ភារៈ គ្រូជំនួយ ចំណែកលោក ជុន ជឿន គ្រូជំនួយ និងលោក ថាំង វិបុល អាជ្ញាកណ្តាលជាតិ និងអន្តរជាតិចំនួន ៩ រូប លោក គ្រូបង្វឹក គ្រូជំនួយ ៦ រូប និងកីឡាករ-កីឡាការិនីចំនួន ២៥ រូប ក្នុងនោះកីឡាការិនីចំនួន៧ រូប និងកីឡាករ ១៨ រូប។

មុនចេញចូលរួមការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី ១៣ ឆ្នាំ២០២៦ នៅទីក្រុង NINH BINH ប្រទេសវៀតណាម ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិការ៉ាតេកម្ពុជា ទទួលបានសម្ភារៈប្រកួតដែលជាការឧបត្ថម្ភរបស់លោក អ៊ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ អនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា និងប្រធានក្លិបកីឡាការ៉ាតេក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៕
