សិល្បៈ និង កម្សាន្ត

នាង Jennie សមាជិកក្រុម BLACKPINK រងការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ បន្ទាប់ពីការសម្តែងជាប្រវត្តិសាស្ត្រ

កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា កំពូលតារាចម្រៀងកូរ៉េខាងត្បូង នាង Jennie សមាជិកក្រុម BLACKPINK កំពុងស្ថិតនៅចំកណ្តាល នៃការជជែកវែកញែកលើបណ្តាញសង្គម ដ៏ខ្លាំងក្លាមួយទៀត បន្ទាប់ពីការសម្តែងថ្មីៗ របស់នាងនៅពិធីបុណ្យតន្ត្រី ដ៏ពេញនិយមមួយ ។

កាលពីពេលថ្មីៗនេះនាង Jennie បានបង្ហាញខ្លួននៅពិធីបុណ្យ Mad Cool ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ក្នុងនាមជាអ្នកសម្ដែងសំខាន់ និងបានសម្ដែងឈុតឆាកដ៏រំភើបរយៈពេលជិតមួយម៉ោង ដែលមានបទចម្រៀងពីសម័យ Ruby របស់នាង និងបទចម្រៀង ដែលមិនទាន់ចេញផ្សាយមួយចំនួន។ នេះបានសម្គាល់ព្រឹត្តិការណ៍ ដ៏សំខាន់មួយសម្រាប់នាង ខណៈនាងបានក្លាយ ជាតារា K-Pop ដំបូងគេដែលដើរតួសំខាន់ក្នុង ពិធីបុណ្យដ៏មានកិត្យានុភាពនេះ។

ក្រៅពីការសម្តែងខ្លួនឯង អ្វីដែលបានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំង គឺសម្លៀកបំពាក់របស់នាង។នាង Jennie បានល្បីល្បាញយ៉ាងខ្លាំងចំពោះជម្រើសសម្លៀក បំពាក់របស់នាងសម្រាប់ការសម្តែងនេះ ដែលរួមមានឈុតពណ៌ស្វាយ និងមាស និងអាវពណ៌មាស រួមផ្សំជាមួយខោខ្លីពណ៌មាស និងខ្សែក្រវ៉ាត់ក្រាស់។

អ្នកគាំទ្រភាគច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរូបភាពរបស់នាង Jennie នៅឯពិធីបុណ្យនេះ នាងក៏បានទទួលមតិយោបល់រិះគន់មួយចំនួនលើការលាតត្រដាងស្បែកផងដែរ។ អ្នកខ្លះថែមទាំងបានប្រមាថដល់កម្រិតនៃការប្រមាថរាងកាយតារារូបនេះទៀតផង។

ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើនបានការពារ Jennie ដោយបានរិះគន់ការប្រមាថរាងកាយ និងផ្នត់គំនិតថយក្រោយចំពោះជម្រើសរបស់ស្ត្រីក្នុងការស្លៀកពាក់តាមចំណង់ចំណូលចិត្តរបស់នាង។ មនុស្សជាច្រើនក៏បានសរសើរភ្នាក់ងាររបស់តារាចម្រៀងរូបនេះ គឺ ODD ATELIER សម្រាប់ការផ្តល់ការសម្តែងដែលមានគុណភាព ខ្ពស់បែបនេះ ទោះបីជាមានទំហំតូចជាងបើប្រៀបធៀប ទៅនឹងភ្នាក់ងារកម្សាន្តផ្សេងទៀតក៏ដោយ៕

Most Popular

To Top