កីឡា

ប៉ូលីសស៊ើបអង្កេតការស្លាប់ របស់កីឡាការិនី បាល់ទាត់ពិភពលោក Jayden Adams របស់អាហ្វ្រិកខាងត្បូង

អាហ្វ្រិកខាងត្បូង ៖ ប៉ូលីស បាននិយាយកាលពីថ្ងៃចន្ទថា ពួកគេកំពុងស៊ើបអង្កេតការស្លាប់ របស់កីឡាករបាល់ទាត់ World Cup  អាហ្វ្រិកខាងត្បូង Jayden Adams បន្ទាប់ពីសាកសព របស់លោកត្រូវបានគេរកឃើញ នៅចុងសប្តាហ៍នេះ នៅអចលនទ្រព្យមួយក្នុងទីក្រុង Cape Town អាហ្វ្រិកខាងត្បូង យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today  ។

កីឡាករ Adams អាយុ ២៥ ឆ្នាំបានស្លាប់ ២ សប្តាហ៍ បន្ទាប់ពីបានជួយអាហ្វ្រិកខាងត្បូងឡើង ដល់វគ្គជម្រុះនៃព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ជាលើកដំបូង។  អាជ្ញាធរមិនទាន់បានបង្ហាញ ពីមូលហេតុនៃការស្លាប់នៅឡើយទេ។

ប៉ូលីសបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយបានផ្ញើទៅកាន់ The Associated Press ថា ប៉ូលីសកណ្តាលទីក្រុង Cape Town បានចុះបញ្ជីការស៊ើបអង្កេតមួយ បន្ទាប់ពីការរកឃើញសាកសពបុរសអាយុ ២៥ ឆ្នាំម្នាក់កាលពីថ្ងៃសៅរ៍។ កាលៈទេសៈជុំវិញឧប្បត្តិហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។

ប៉ូលីសបានបន្តថា សាកសពត្រូវបានគេរកឃើញនៅអចលនទ្រព្យមួយក្នុងសង្កាត់ Schotsche Kloof នៃទីក្រុង Cape Town នៅម៉ោងប្រហែល ១១ ព្រឹកថ្ងៃសៅរ៍ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

លោក Juanito Adams ដែលជាឪពុករបស់លោក Adams បានប្រាប់ស្ថានីយ៍ទូរទស្សន៍អាហ្វ្រិកខាងត្បូង eNCA កាលពីថ្ងៃអាទិត្យថា ក្រុមគ្រួសារកំពុងរង់ចាំលទ្ធផលនៃការធ្វើកោសល្យវិច័យ ហើយមិនទាន់បានធ្វើផែនការបុណ្យសពនៅឡើយទេ។

លោក Juanito Adams បានបន្តថា ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថា វាគឺជាការស្លាប់មុនអាយុ។ ក្រុមគ្រួសារកំពុងតស៊ូដើម្បីដោះស្រាយវា ។ វានឹងមិនងាយស្រួលក្នុងការបន្តទៅមុខទេ។ មនុស្សនិយាយថាវានឹងកាន់តែងាយស្រួល ប៉ុន្តែវាមិនងាយស្រួលទេ។ អ្នកគ្រាន់តែរៀនរស់នៅជាមួយវា”។

កីឡាករ Adams បានលេង ក្នុងការប្រកួតពូលទាំង ៣ របស់អាហ្វ្រិកខាងត្បូង ខណៈពួកគេបានបង្ហាញ ពីទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួនក្នុងព្រឹត្តិការណ៍ World Cup។ គាត់មិនបានបង្ហាញខ្លួនក្នុងការចាញ់កាណាដា ១-០ នៅវគ្គ ៣២ ក្រុមចុងក្រោយនៅថ្ងៃទី ២៨ ខែមិថុនាទេ។

រដ្ឋមន្ត្រីក្រសួងកីឡាអាហ្វ្រិកខាងត្បូង លោក Gayton McKenzie បាននិយាយថា កីឡាករ Adams បានលេងក្នុងការប្រកួតពូល របស់ក្រុមគាត់ទល់នឹងសាធារណរដ្ឋឆែក ប៉ុន្មានម៉ោងបន្ទាប់ពីដឹងថាជីដូនរបស់គាត់បានស្លាប់។ លោក McKenzie បានស្នើសុំឱ្យសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ “អត់ធ្មត់ និងអាណិតអាសូរ” ហើយកុំស្មានអំពីមូលហេតុនៃការស្លាប់របស់លោក Adams ខណៈពេលដែលអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេត៕

Most Popular

To Top