ព្រះសីហនុ៖រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍បានសហការ ជាមួយសហព័ន្ធកីឡាជាតិចំនួន៤ រៀបចំការប្រកួតកីឡាលក្ខណៈមិត្តភាព ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ ចូលរួមក្នុងយុទ្ធនាការទេសចរណ៍រដូវកាលបៃតង នៅខេត្តព្រះសីហនុ ឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា” ដែលនឹងថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅទីលាន តេជោ (ពយតាមូង) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដោយទទួលបានការគាំទ្រ និងការអនុញ្ញាតពីរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍នឹងរៀបចំព្រឹត្តិការណ៍ កីឡាទេសចរណ៍ ក្រោមប្រធានបទ “កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា” អមដោយពិព័រណ៍ ផលិតផលក្នុងស្រុក រយៈពេល ៧ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅទីលាន តេជោ (ពយតាមូង) ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងគោលបំណងចូលរួមជំរុញ យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ រដូវកាលបៃតង និងអបអរសាទរវេទិកាទេសចរណ៍ធុរកិច្ច នៅខេត្តព្រះសីហនុ បង្កើនការទាក់ទាញ និងបង្កើតនូវសកម្មភាពកម្សាន្តសប្បាយជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជាចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅ មូលដ្ឋាន។

ដើម្បីឱ្យការរៀបចំព្រឹត្តិការណ៍នេះ កាន់តែមានភាពអធិកអធម និងផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវ ដែលចូលរួមទស្សនា និងកម្សាន្តសប្បាយ មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុសហការជាមួយ ក្រុមហ៊ុនឯកជន និងអង្គភាពជំនាញពាក់ព័ន្ធ រៀបចំការប្រគុំតន្ត្រី ការសម្តែងសិល្បៈប្រពៃណីខ្មែរ និងកីឡាមួយចំនួនដូចជា ប្រដាល់គុណខ្មែរ បាល់ទះលើឆ្នេរខ្សាច់ ប្រកួតវាយកូនឃ្លីលើតុ និងកីឡាចំបាប់កាច់ដៃរួមជាមួយការ តាំងពិព័រណ៍ផលិតផល និងម្ហូបអាហារក្នុងស្រុកជាច្រើនផ្សេងៗទៀត៕
ដោយ៖លី ភីលីព


