សិល្បៈ និង កម្សាន្ត

លោកស្រី ហង់ ស៊ីមន ៖ ក្រុមហ៊ុនឯកជន ជាដៃគូសំខាន់បំផុត ជាមួយសហព័ន្ធកីឡារាំកម្ពុជា ការប្រកួតកីឡារាំ The 5th WDSF ASIAN – SOUTHEAST ASIAN Dance Sport Championship 2026 នៅម៉ាឡេស៊ី

ភ្នំពេញ ៖ លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា និងជាអនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹង នៅអាកាសយានដ្ឋាន អន្តរជាតិតេជោថា ក្រុមហ៊ុនឯកជនជាដៃគូសំខាន់បំផុត ជាមួយសហព័ន្ធកីឡារាំកម្ពុជា សម្រាប់ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡារាំ The 5th WDSF ASIAN – SOUTH EAST ASIAN Dance Sport Cham pionship 2026 នៅប្រទេសម៉ាឡេស៊ី និងការប្រកួតអន្តរជាតិនានា ។

លោកស្រី ហង់ ស៊ីមន បានលើកឡើងក្នុងឱកាសបានជូនដំណើរ ប្រតិភូ ចៅក្រម គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកីឡារាំចំនួន ២២ នាក់ចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡារាំ The 5th WDSF ASIAN – SOUTH EAST ASIAN Dance Sport Cham pionship 2026 នៅម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ដោយមានអញ្ជើញលោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងប្រធានសហព័ន្ធកីឡារាំកម្ពុជា នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ។

អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានបន្ថែមថា កាលពីព្រឹត្តិការណ៍ដូចគ្នា កាលពីឆ្នាំមុន អត្តពលិករាំកម្ពុជាដណ្តើមបានមេដាយសរុប ១៧គ្រឿង ក្នុងនោះមានមេដាយមាស៤គ្រឿង ខណៈការត្រៀមខ្លួនយ៉ាងល្អ ក្នុងការប្រកួតឆ្នាំ២០២៦ អត្តពលិកកម្ពុជា មានក្តីសង្ឃឹមខ្ពស់ ក្នុងការការពារមេដាយក្នុងចំនួន ១៧គ្រឿងនេះ ឬអាចកើនឡើងនូវចំនួនមេដាយច្រើនជាងនេះជូនជាតិមាតុភូមិផងដែរ ។

លោកស្រី ហង់ ស៊ីមន បានប្រាប់ឲ្យដឹងថា ការប្រកួត The 5th WDSF ASIAN – SOUTHEAST ASIAN DanceSport Championship 2026 នៅម៉ាឡេស៊ី មានសារសំខាន់ណាស់ដើម្បីបង្កើនសមត្ថភាព បច្ចេកទេស គុណផលកីឡា និងត្រៀមចូលរួមការប្រកួតកីឡាលក្ខណៈអន្តរជាតិនានា។ ប្រតិភូ ចៅក្រម គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីកីឡារាំរបស់ខ្លួនចំនួន២២ នាក់រួមមាន លោកសី បាន សុជាតិ ជាប្រធានប្រតិភូ អ្នកគ្រូ You Shu Jie ចៅក្រម លោកស៊ូវ តុង ជាគ្រូបង្វឹកធំ លោក សួន កូស៊ុល ជាគ្រូជំនួយ កីឡាករ -កីឡាការិនីចំនួន ១៨ នាក់ ក្នុងនោះកីឡាករចំនួន ៨ នាក់ និងកីឡាការិនីចំនួន ១០ នាក់ ។
កីឡាករ -កីឡាការិនីចំនួន ១៨ នាក់នេះមានកីឡាករ -កីឡាការិនីស្ថិតនៅក្រុមជម្រើសជាតិឆ្នាំ២០២៦ ចំនួន ១០ នាក់ក្នុងនោះកីឡាករចំនួន ៥ នាក់ និងកីឡាការិនីចំនួន ៥ នាក់ ។ កីឡាករ -កីឡាការិនីសហព័ន្ធកីឡារាំមានចំនួន ៨ នាក់ រួមមានកីឡាករចំនួន ៣ នាក់ និងកីឡាការិនីចំនួន ៥ នាក់។
លោកស្រី ហង់ ស៊ីមន បន្ថែមទៀតថា បេសកកម្មអន្តរជាតិនេះ ប្រតិភូកីឡារាំកម្ពុជាទទួលបានការឧបត្ថម្ភប្រាក់ហោប៉ៅពីក្រសួងអប់រំ យុវជន និងកីឡា រីឯការចំណាយលើថ្លៃសំបុត្រយន្តហោះទៅមកក្រោមការឧបត្ថម្ភពីក្រុមហ៊ុន AirAsia និងក្រុមហ៊ុន វឌ្ឍនៈ និងក្រុម ហ៊ុន វិរៈប៊ុនថាំ ក៏បានជួបឧបត្ថម្ភ ស្របពេលដែលលោកស្រី ញ៉ែម មរតក ជាប្រធានសហព័ន្ធតែងតែប្រឹងប្រែងក្នុងកិច្ចការដំណើរការអភិវឌ្ឍន៍ជំនាញកីឡារបស់កម្ពុជាមួយនេះ៕

Most Popular

To Top