ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក (ស.ហ.ខ.) បានប្រកាសប្តូរឈ្មោះ និង និម្មិតសញ្ញារបស់សហព័ន្ធជាផ្លូវការ ពីសហព័ន្ធខ្មែរ កីឡាហែលទឹក ទៅជាសហព័ន្ធកីឡាក្នុងទឹកកម្ពុជា និងនិម្មិតសញ្ញារូបនាងមច្ចា ទៅជារូបអង្គរវត្ត និងរូបកីឡាករលោតទឹក ហែលទឹក និងលេងបាល់ទឹកថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រកាសជាផ្លូវកក្នុងពិធីមហាសន្និបាតសហព័ន្ធខ្មែរកីឡាហែលទឹក ដោយមានការអញ្ជើញចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប លោក តែម ម៉ឺន អគ្គលេខាធិការរង NOCC និងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំធំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ។
មហាសន្និបាតសហព័ន្ធខ្មែរកីឡាហែលទឹក ដែលបានប្រព្រឹត្តនារសៀលនេះ រៀបចំឡើងក្រោមវត្ថុបំណងដើម្បីគោរពរាយការណ៍អំពី របាយការណ៍បូកសរុបលទ្ធផលការងារ និងភាពជោគជ័យនានាដែល ស.ហ.ខ. សម្រេចបានពេញមួយអាណត្តិទី៧ (២០២១-២០២៥) និងការដាក់ចេញនូវទិសដៅបន្តសម្រាប់អាណត្តិទី៨ (២០២៥-២០២៩)។

ក្នុងនោះដែរ អង្គមហាសន្និបាត បានធ្វើការបោះឆ្នោត ដោយទទួលបានសម្លេងគាំទ្រ ១០០ភាគរយ លើការជ្រើសតាំងសមាសភាព គណៈកម្មាធិការប្រតិបត្តិថ្មី សម្រាប់អាណត្តិទី៨ ដែលរួមមាន ៖
លោកឧបនាយករដ្ឋមន្ត្រី ប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការប្រតិបត្តិ គ្រូបង្វឹក ព្រមទាំងកីឡាករ-កីឡាការិនីទាំងអស់បានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងលះបង់អស់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាល ការហ្វឹកហាត់ ព្រមទាំងការចូលរួមរៀបចំ និងប្រកួតប្រជែងទាំងក្នុង និងក្រៅប្រទេស រហូតសម្រេចបាននូវផលស្នាដៃយ៉ាងត្រចះត្រចង់ បង្កើតបានជាមោទនភាពជាតិដ៏ជ្រាលជ្រៅ ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណ ជូនចំពោះគ្រប់ភាគីពាក់ព័ន្ធ និងដៃគូឧបត្ថម្ភទាំងអស់បានជួយជ្រោមជ្រែង និងផ្តល់ការគាំទ្រយ៉ាងសកម្មដល់សហព័ន្ធនាពេលកន្លងមក ។ លើសពីនេះលោកប្រធានបានបន្តជំរុញ និងលើកទឹកចិត្តដល់គ្រប់ផ្នែកទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច ឲ្យកាន់តែសកម្ម និងខ្លាំងក្លាបន្ថែមទៀត ដើម្បីរួមគ្នាក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យ កីឡាក្នុងទឹករបស់កម្ពុជា ឲ្យកាន់តែរីកចម្រើន និងមានឈ្មោះបោះសំឡេងកាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ។

សមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ប្រចាំអាណត្តិទីVIII ឆ្នាំ២០២៥-២០២៩ មានចំនួន ១១ រូបរួមមាន លោក ស៊ុន ចាន់ថុល ប្រធាន លោក ប៉េង ពោធិ៍នា លោកអ្នកឧកញ៉ា លាង ឃុន លោក ទ្រី ដាលុច លោក សួង ហេង លោក ហឿន សំនៀង និងឧកញ៉ា ជា ហុយ ជាអនុប្រធាន លោក ហែម គីរី អគ្គលេខាធិការ លោក នាង សូរិទ្ធិយ៉ា អ្នកនាង ស៊ុន សីមុនី អគ្គលេខាធិការរង និងកញ្ញា ហែម ថុនវិទិនី ជាសមាជិក៕



