ភ្នំពេញ ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធាន សហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជា នាយប់ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦ បានដឹកនាំប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនី ៤៧ រូប ចូលរួមការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ “11th ITF Asian Taekwon-Do Championships” ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦ នៅនៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី អមដំណើរដោយលោក ផាត់ បញ្ញាសុជាតក៍ អនុប្រធាន[មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ។

លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធានសហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ “11th ITF Asian Taekwon-Do Championships” នៅប្រទេសម៉ុងហ្គោលី ជាប្រភេទកីឡាតេក្វាន់-ដូITF ពិបាកក្នុងការយកឈ្នះណាស់ ដោយសារកីឡាតេក្វាន់-ដូ ITF មានការរីកចម្រើនខ្លាំងណាស់នៅអឺរ៉ុប អាស៊ី និងអាមេរិកខាងត្បូងសម្បូរកីឡាករ-កីឡាការិនីជើងខ្លាំងៗ។

ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជា បានបន្តថា សហព័ន្ធបានបញ្ជូនក្រុមប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុបទំាងអស់ ៤៧ នាក់ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៣៨ នាក់ ក្នុងនោះកីឡាករ-កីឡាការិនី៣២ នាក់ មានក្រុមយុវជន និងក្រុមឈុតធំ។ ការប្រកួតលើនេះកីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូITFកម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការដណ្តើមមេដាយជូនជាតិ និងម្ចាស់ឧបត្ថម្ភវឌ្ឍនៈ។

លោក ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការប្រកួត “11th ITF Asian Taekwon-Do Championships” លើកនេះ ក្នុងនាមប្រធាន សហព័ន្ធកីឡាតេក្វាន់-ដូITF កម្ពុជាដឹកនាំក្រុមគណៈប្រតិភូដើម្បីចូលរួមដេញ ថ្លៃធ្វើម្ចាស់ផ្ទះនៃត្តិការណ៍ ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើទី១២ ឆ្នាំ២០២៨ បន្ទាប់ពីប្រទេសម៉ុងហ្គោលី ។ ការធ្វើម្ចាស់ផ្ទះការប្រកួតមានសារសំខាន់ណាស់ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ ជាច្រើននាក់មកប្រទេសកម្ពុជា ដោយសារក្រុមកីឡាករ-កីឡាការិនី របស់ប្រទេសនីមួយៗ នាំយកអ្នកគាំទ្ររួមមានឳពុកម្តាយ និងបងប្អូន ដើម្បីអបអរសាទរក្រុមអត្តពលិករបស់ពួកគេផងដែរ នេះជាសកម្មភាពកីឡា និងទេសចរណ៍៕







