ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធានសហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមប្រធានសហព័ន្ធមានមោទនភាពចំពោះក្រុមកីឡាករ-កីឡាការិនីតេក្វាន់-ដូITFកម្ពុជា ពិសេសកីឡាករវ័យក្មេងរបស់លោក ការប្រកួតថ្ងៃបើកឆាកដណ្តើមបានមេដាយមាស ២ គ្រឿងក្នុងការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ “11th ITF Asian Taekwon-Do Championships” ។

លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធានសហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជា បានប្រាប់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ នារំលងថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៦ ក្រុមប្រតិភូ គ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា សរុប ៤៧ រូបមកដល់មាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ “11th ITF Asian Taekwon-Do Championships” នៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។

លោកទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបន្តថា កីឡាករវ័យក្មេង (ថ្នាល)របស់លោក ជាអ្នកបន្តវេនកីឡាតេក្វាន់ដូ ITFរយៈពេលយូរង្វែរ ។ ចំណែកកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជាអាយុ១៨ ដល់៣៤ឆ្នាំវិញ ទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងចំណោម ២៥ ប្រទេសចូលរួម ចាញ់តែម្ចាស់ក្បាច់គុន គឺប្រទេសកូរ៉េខាងជើងតែប៉ុណ្ណោះ។

ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាមោទនភាពដ៏ធំធេងសម្រាប់វិស័យកីឡាតែក្វាន់ដូ ITF និងវិស័យកីឡាជាតិទាំងមូលរបស់កម្ពុជា ក្នុងការបន្តលើកកម្ពស់មុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងដល់វិស័យកីឡាជាតិ។
ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា ដណ្តើមបានមេដាយ ៤១គ្រឿង ក្នុងនោះ មេដាយមាស ៨ គ្រឿង មេដាយប្រាក់ ១២ គ្រឿង និងមេដាយសំរឹទ្ធ ២១ គ្រឿង ជាលទ្ធផលកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមប្រទេសចូលរួម២៥ និងទទួលបានពានរង្វាន់ប្រចាំប្រទេសចំណាត់ថ្នាក់លេខ ២ ក្នុងកម្រិតការប្រកួតអាយុ១៨ ដល់៣៤ឆ្នាំ៕




