ភ្នំពេញ ៖ សហព័ន្ធកីឡាចំបាប់កម្ពុជា ត្រៀមខ្លួនបញ្ជូនគ្រូបង្វឹក និងកីឡាករចំនួន ៣ រូបចូលរួមព្រឹតិ្តការណ៍ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯក កម្រិតពិភពលោក ឆ្នាំ២០២៦ លើកទី៦ “The 6th World Nomad Games 2026 ” ដែលមានរយៈពេល ១២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Bishkek ប្រទេសកៀហ្ស៊ីស៊ីស្ថាន។

លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកក្រុមម្រើសជាតិកីឡាចំបាប់ បានប្រាប់តាមអនឡាញឲ្យដឹងថា គ្រូបង្វឹក និងកីឡាករ នៃសហព័ន្ធកីឡាចំបាប់កម្ពុជាទទួលបានការអនុញ្ញាតពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាឲ្យចូលរួមព្រឹតិ្តការណ៍ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកកម្រិតពិភពលោក ឆ្នាំ២០២៦ លើកទី៦ “The 6th World Nomad Games 2026 ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុង Bishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន។
គ្រូបង្វឹកក្រុមម្រើសជាតិកីឡាចំបាប់ បានបញ្ជាក់ថា គ្រូបង្វឹក និងកីឡាករនឹងចេញដំណើរថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ពីប្រទេសកម្ពុជាឆ្ពោះទៅទីក្រុង Bishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន នឹងត្រឡប់មកវិញថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងនោះសហព័ន្ធបានបញ្ជូនគ្រូបង្វឹក និងកីឡាករ ៣ រូបរួមមាន លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកក្រុមម្រើសជាតិកីឡាចំបាប់ កីឡាករ សឿន សុភាស់ និងកីឡាករ ឈឿន ឈាង។
លោក កាង ដែនពិសិដ្ឋបានបន្ថែមថា ពិធីបើកព្រឹតិ្តការណ៍ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកកម្រិតពិភពលោក ឆ្នាំ២០២៦ លើកទី៦ “The 6th World Nomad Games 2026 ” នឹងធ្វើឡើងនៅទីក្រុង Bishkek ហើយការប្រកួតសំខាន់ៗ និងពិធីបិទនឹងធ្វើឡើងនៅទីក្រុង Cholpon-Ata នៅលើច្រាំងបឹង Issyk-Kul។ ការប្រកួតមានកីឡាករកីឡាការិនីចូលរួមប្រមាណ ៣,០០០ នាក់មកពីជាង ១០០ ប្រទេស៕
