កីឡា

ជប៉ុន យកឈ្នះ អេក្វាឌ័រ ដោយការទាត់បាល់ប៉េណាល់ទី ឡើងទៅប៉ះ នូវែលសេឡង់

យូកូហាម៉ា៖ អ្នកចាំទី Zion Suzuki បានសង្គ្រោះបាល់ ខណៈដែលក្រុមជម្រើសជាតិជប៉ុន បានយកឈ្នះអេក្វាឌ័រ ក្នុងលទ្ធផល ៥-៤ ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី បន្ទាប់ពីប្រកួតស្មើគ្នាដោយគ្មានគ្រាប់បាល់ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Kirin Cup កាលពីថ្ងៃព្រហស្បតិ៍ នេះបើតាមការចេញផ្សាយពីសារព័ត៌មានKyodo។

អ្នកចាំទីរបស់ក្លិប Aston Villa រូបនេះ បានលោតផ្តួលខ្លួនទៅខាងឆ្វេង ដើម្បីរារាំងការស៊ុតបាល់ប៉េណាល់ទីទី៣ របស់កីឡាករ Denil Castillo របស់អេក្វាឌ័រ នៅកីឡដ្ឋាន Nissan Stadium ខណៈដែលជប៉ុនស៊ុតចូលទាំង៥គ្រាប់ ដោយក្នុងនោះកីឡាករ Daizen Maeda បានស៊ុតបាល់ហោះចូលទីយ៉ាងល្អ ដើម្បីធានាជ័យជម្នះនេះ។

ពួកគេនឹងត្រូវប៉ះក្រុមនូវែលសេឡង់ ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន MUFG ក្នុងទីក្រុងតូក្យូ នៅថ្ងៃចន្ទ ក្នុងព្រឹត្តិការណ៍ដែលមាន ៤ក្រុមចូលរួមនេះ បន្ទាប់ពីក្រុមតំណាងទ្វីបអូសេអានីមួយនេះ បានយកឈ្នះប៉ាណាម៉ា ក្នុងលទ្ធផល ៥-៣ ដោយការទាត់បាល់ប៉េណាល់ទី ក្រោយបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ១-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយគូទៀត។

Suzuki បាននិយាយថា៖ “ខ្ញុំមានការគាំទ្រពីទស្សនិកជនពេញមួយកីឡដ្ឋាននៅពីក្រោយខ្ញុំ។ មិត្តរួមក្រុមរបស់ខ្ញុំបានបំពេញតួនាទីរបស់ពួកគេបានយ៉ាងល្អ ដោយស៊ុតបាល់ប៉េណាល់ទីចូលទីទាំងអស់។ ការឈ្នះពានរង្វាន់មួយនេះគឺជាគោលដៅរបស់យើង ហើយយើងចង់លើកពាននេះ។”

ក្រុមសាមូរ៉ៃ ធ្លាប់បានយកឈ្នះអ៊ុយរូហ្គាយ ៣-១ និងវេណេស៊ុយអេឡា ២-១ ក្នុងការប្រកួតមិត្តភាពពីរលើកដំបូង ក្នុងចំណោមការប្រកួតទាំងបួនរបស់ពួកគេ ចាប់តាំងពីសប្តាហ៍មុនមក។

សម្រាប់ការប្រកួតទល់នឹងអេក្វាឌ័រ លោកគ្រូបង្វឹក Moriyasu បានដាក់ឱ្យកីឡាករដែលធ្លាប់លេងនៅ World Cup ភាគច្រើនចូលលេង លើកលែងតែខ្សែប្រយុទ្ធទោល Kaina Tanimura ដែលជាកីឡាកររបស់ក្លិប Yokohama F. Marinos ដោយរូបគេត្រូវបានជ្រើសរើសឱ្យចូលលេងនៅកីឡដ្ឋានក្នុងទឹកដីរបស់ខ្លួន ក្រោយបង្ហាញទម្រង់លេងយ៉ាងល្អ ដោយស៊ុតបញ្ចូលទីបាន៦គ្រាប់ ពីការប្រកួត៨លើក ក្នុងរដូវកាលថ្មីនៃលីគកំពូលជប៉ុន (J.League)។

កីឡាករ Takefusa Kubo ដែលមិនសូវមានឱកាសបានចូលលេងច្រើននៅក្លិប Real Sociedad ក្នុងរដូវកាលនេះ បានបង្ហាញខ្លួនជាជម្រើសដំបូងជាលើកទីមួយសម្រាប់ជប៉ុនក្នុងស៊េរីប្រកួតនេះ និងបានជួយបង្កើតឱកាសប្រយុទ្ធដ៏ល្អ ខណៈដែលការស៊ុតពីចម្ងាយរបស់កីឡាករ Yuito Suzuki នៅពាក់កណ្តាលវគ្គទីមួយ មិនចំគោលដៅនោះទេ។

ការដាក់សម្ពាធយ៉ាងខ្លាំងរបស់ជប៉ុននៅក្នុងតំបន់របស់គូប្រកួត បានរារាំងទម្រង់លេងរបស់អេក្វាឌ័រ រហូតដល់កីឡាករ Keny Arroyo ស៊ុតពីចម្ងាយរំលងរបារទី នៅប៉ុន្មាននាទីមុនបញ្ចប់វគ្គទីមួយ ខណៈដែលការស៊ុតបាល់រាបៗរបស់ខ្សែប្រយុទ្ធជប៉ុន Suzuki នៅនាទីទី៦៥ ត្រូវបានសង្គ្រោះដោយអ្នកចាំទី Hernan Galindez។

កីឡាករ Junya Ito បានចូលលេងក្នុងនាមជាការផ្លាស់ប្តូរកីឡាករ ៣នាក់ក្នុងពេលតែមួយ ហើយបានស៊ុតបាល់ខុសគោលដៅបន្តិចពីក្នុងប្រអប់ពិន័យ បន្ទាប់ពីទទួលបានការបញ្ជូនបាល់ពីកីឡាករ Keito Nakamura ខណៈដែលកីឡាករ Jordy Caicedo ក៏បានស៊ុតខុសគោលដៅដូចគ្នា នៅនាទីចុងក្រោយ ដោយក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បានសោះ ក្នុងការប្រកួតពេញ ៩០នាទី។

លោក Moriyasu ដែលបានសរសើរក្រុមអេក្វាឌ័រថាជា “ក្រុមស្តង់ដារ World Cup” បាននិយាយថា៖ “ការឈ្នះដោយការទាត់បាល់ប៉េណាល់ទី បានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កីឡាករយើងក្នុងការយកជ័យជម្នះ ដែលនេះជារឿងដ៏អស្ចារ្យ។ មានបញ្ហាជាច្រើនទៀតដែលយើងត្រូវកែលម្អ ហើយខ្ញុំជឿជាក់ថា កីឡាករបានដឹងពីអ្វីដែលពួកគេអាចធ្វើបាន នៅពេលប្រកួតក្នុងកម្រិតដ៏តានតឹងបែបនេះ។”

ប្រែសម្រយល៖ គីរី

Most Popular

To Top