កីឡា

ណយ ផាណា ៖ ការធ្វើតេស្តការហ្វឹកហាត់ របស់អត្តពលិកកាយសម្ព័ន្ធ ដើម្បីពិនិត្យគុណភាព បច្ចេកទេស និងកម្លាំងកាយ

ភ្នំពេញ៖លោក ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានមានប្រសាសន៍ថា សហព័ន្ធបានរៀបចំការធ្វើតេស្តការហ្វឹកហាត់កីឡាករ-កីឡាការិនីកាយសម្ព័ន្ធសម្រាប់ដំណាក់កាលត្រៀមប្រកួតនេះ មានរយៈចន្លោះពីពីរខែ ទៅ៣ខែ និងចុងដំណាក់កាលនេះ ដើម្បីពិនិត្យមើលគុណផលបច្ចេកទេសរបស់កីឡាករកីឡាការិនី រួមទំាង បច្ចេកទេស គុណផលកម្លាំងកាយរបស់ពួកគាត់ឡើងដល់កម្រិតណា។

លោកអគ្គលេខាធិការបន្ថែមថា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា គ្រូបង្វឹកតែងតែសហការគ្នា ក្នុងការធ្វើតេស្តរបៀបនេះជារៀងរាល់ដំណាក់កាលនីមួយៗ ក្នុងការប្រមូលផ្តុំហ្វឹកហាត់។ ការធ្វើតេស្តត្រូវបានធ្វើឡើងប្រចាំខែ ដំណាក់កាលរៀបចំ ដំណាក់កាលត្រៀមប្រកួត ដោយត្រូវធ្វើតេស្តប្រចាំខែ និងធ្វើតេស្តដំណាក់កាលប្រកួតទៀត។

ណយ ផាណា បានសង្កត់ធ្ងន់ថា ជាការពិត កីឡាជំនាញត្រូវការការអនុវត្តផែនការបែបនេះ ហើយស្របទាំងអស់គ្នា ដោយត្រូវឯកភាពគ្នា ក្នុងការអនុវត្តការងារនេះ ដើម្បីពិនិត្យទៅលើគុណតម្លៃនៃការហ្វឹកហាត់របស់ប្រភេទកីឡានីមួយៗ។ នេះជាចំណុចសំខាន់នៃការធ្វើតេស្ត ហើយប្រសិន បើគ្មានការធ្វើតេស្តរបៀបនេះទេ នោះយើងមិនអាចធ្វើឱ្យជំនាញ កីឡាមួយឈានទៅដល់កីឡាកម្រិតខ្ពស់បានទេ ហើយក៏មិនអាច មានលទ្ធផលល្អ ក្នុងការស្វែងរកមេដាយជូនជាតិ បាននោះដែរ»។

លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាចុះត្រួតពិនិត្យមើលការហ្វឹកហាត់របស់កីឡាករ កីឡារិនីកាយសម្ព័ន្ធកម្ពុជា នៅទីលានហ្វឹកហាត់សហព័ន្ធ ស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកបានលើកឡើងថា ការហ្វឹកហាត់ គឺយើងត្រូវការមើលគុណផល ការរីកចម្រើនរបស់កីឡាករ-កីឡាការិនី ។ ដូច្នេះ យើងត្រូវការការពិនិត្យតាមដាន និងវាយតម្លៃនៃការធ្វើតេស្តបែបនេះ ដើម្បីចង់ដឹងថាតើពីមួយដំណាក់កាលទៅមួយដំណាក់កាលមានការរីកចម្រើនទាំងកម្លាំកាយ និងគុណផលបច្ចេកទេស យ៉ាងណាដែរ។ ប្រសិនបើមានចំណុចខ្សោយត្រង់ចំណុចណាខ្លះ ងាយស្រួលសហព័ន្ធ គ្រូបង្វឹកមានផែនការបន្ថែម ក្នុងការពង្រឹងគុណភាពនៃការហ្វឹកហាត់ឱ្យដល់គោលដៅនៃសហព័ន្ធកីឡាជាតិនីមួយៗ៕
ដោយ៖លី ភីលីព

Most Popular

To Top