បរទេស៖ លោក Jose Mourinho បានបដិសេធយ៉ាង ដាច់អហង្ការចំពោះការអះអាងដែលថា លោកបានបញ្ចេញមតិជុំវិញ ភាពចម្រូងចម្រាសនៃការចាកចេញពីជំរំជម្រើសជាតិព័រទុយហ្គាល់របស់ Cristiano Ronaldo ដោយលោកបានចាត់ទុករបាយការណ៍ទាំងនោះថាជា “ព័ត៌មានក្លែងក្លាយ”។
ពាក្យចចាមអារ៉ាមបានភ្ជាប់ឈ្មោះអ្នកចាត់ការរូបនេះទៅនឹងបញ្ហាដែលកំពុងកើនឡើងកម្តៅ បន្ទាប់ពីខ្សែប្រយុទ្ធវ័យ ៤១ឆ្នាំរូបនេះ បានសម្រេចចិត្តចាកចេញពីក្រុមជម្រើសជាតិកាលពីដើមសប្តាហ៍ ក្រោយពេលត្រូវបានគ្រូបង្វឹកលោក Jorge Jesus ដាក់ឱ្យអង្គុយកៅអីបម្រុង។
យ៉ាងណាមិញ លោក Mourinho បានចេញមុខបកស្រាយតាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួន ដើម្បីបញ្ជាក់យ៉ាងច្បាស់ថា លោកមិនបាននិយាយអ្វីទាក់ទងនឹងខ្សែប្រយុទ្ធរូបនេះ ឬសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ឡើយ។
យោងតាមការដកស្រង់សម្តីដោយអ្នកកាសែតកីឡា Fabrizio Romano លោក Mourinho បានលើកឡើងថា៖
”មានព័ត៌មានក្លែងក្លាយច្រើនណាស់ជុំវិញការបញ្ចេញមតិរបស់ខ្ញុំទៅលើ Cristiano Ronaldo និងសហព័ន្ធបាល់ទាត់ព័រទុយហ្គាល់។ ខ្ញុំមិនបានបញ្ចេញមតិអ្វីទាំងអស់។”
គួររំលឹកផងដែរថា ភាពតានតឹងនៅក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់បានផ្ទុះឡើងកាន់តែខ្លាំង ចាប់តាំងពី Ronaldo ត្រូវបានបណ្តោយឱ្យអង្គុយនៅកៅអីបម្រុង ក្នុងការប្រកួតដែលព័រទុយហ្គាល់យកឈ្នះលើក្រុមន័រវែស ក្នុងព្រឹត្តិការណ៍ Nations League។
ស្ថានការណ៍បានឈានដល់ចំណុចរសើបបន្ថែមទៀត នៅពេលដែលគ្រូបង្វឹកលោក Jorge Jesus ប្រកាសថា Ronaldo នឹងមិនមានឈ្មោះជាជម្រើសដំបូងឡើយ សម្រាប់ការប្រកួតបន្ទាប់ទល់នឹងក្រុមដាណឺម៉ាក។
ប្រែសម្រួល៖ គីរី
