បរទេស៖ ក្រុមជម្រើសជាតិអ៊ីតាលីបានបង្ហាញសារជាថ្មីថា ពួកគេគឺជាគូប្រជែងដ៏ស្វិតស្វាញមួយសម្រាប់លោក Zinedine Zidane ដោយបានប្រកួតស្មើក្នុងលទ្ធផល ១-១ ក្នុងការបង្ហាញខ្លួនជាលើកដំបូងក្នុងទឹកដីរបស់លោក ក្នុងនាមជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំង កាលពីថ្ងៃសុក្រ ទី២ ខែកញ្ញា ឆ្នាំ២០២៦ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ។
ជំនួបនៅកីឡដ្ឋាន Stade de France នេះ ហាក់ដូចជានឹងក្លាយជាការស្វាគមន៍ដ៏កក់ក្តៅសម្រាប់លោក Zidane ទៅហើយ បន្ទាប់ពីខ្សែប្រយុទ្ធ Michael Olise បានស៊ុតបញ្ចូលទីបើកឆាកយ៉ាងអស្ចារ្យពីចម្ងាយបុករបារទីចូលនៅនាទីទី៥៥។ ប៉ុន្តែការបញ្ជូនបាល់ខុសពីសំណាក់កីឡាករ Lucas Da Cunha បានផ្តល់ឱកាសឱ្យខ្សែការពារកណ្តាលរបស់អ៊ីតាលី Alessandro Bastoni អូសបាល់ស៊ុតបញ្ចូលទីតាមស្មើវិញនៅ ១៣នាទីបន្ទាប់ (នាទីទី៦៨)។
ក្រុមម្ចាស់ផ្ទះបន្តខកចិត្តដោយសារការសង្គ្រោះបាល់ដ៏អស្ចារ្យជាច្រើនលើកពីសំណាក់អ្នកចាំទីវ័យក្មេង Gianluigi Donnarumma មុនពេលស្ថានការណ៍កាន់តែអាក្រក់នៅចុងម៉ោង ក្រោយពេលខ្សែការពារ Dayot Upamecano ទទួលបានកាតក្រហម (កាតលឿងពីរដង) បណ្តេញចេញពីទីលាន។
លោក Zidane បានថ្លែងក្រោយចប់ការប្រកួតថា “ខ្ញុំមានការសោកស្ដាយជំនួសកីឡាករ ព្រោះយើងស័ក្តិសមនឹងទទួលបានលទ្ធផលល្អជាងនេះ។ យើងមានឱកាសដើម្បីបិទការប្រកួត ប៉ុន្តែយើងធ្វើមិនបាន ហើយបាល់ទាត់ជួនកាលក៏បែបនេះឯង។ ប៉ុន្តែវាជាការលើកទឹកចិត្តមួយ។ និយាយដោយស្មោះ ខ្ញុំមានមោទនភាពចំពោះទម្រង់លេងរបស់យើង។”
នេះគឺជាលើកទីមួយហើយដែលលោក Zidane វ័យ ៥៤ឆ្នាំ ត្រូវប្រឈមមុខជាមួយក្រុមជម្រើសជាតិអ៊ីតាលី ចាប់តាំងពីព្រឹត្តិការណ៍ប្រើក្បាលហុក (Headbutt) ដ៏ចម្រូងចម្រាសនៅវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០០៦ ដែលធ្វើឱ្យលោកទទួលកាតក្រហមក្នុងការប្រកួតចុងក្រោយក្នុងអាជីពរបស់លោក មុនពេលអ៊ីតាលីឈ្នះពានដោយការទាត់បាល់ប៉េណាល់ទី។
ក្នុងនាមជាអតីតកីឡាករដែលធ្លាប់ជួយបារាំងឈ្នះ World
Cup ឆ្នាំ១៩៩៨ (រួមទាំងការទាត់បញ្ចូលទីមួយគ្រាប់នៅកីឡដ្ឋាននេះកាលបើកសម្ពោធ) ការមកដល់របស់លោកក្នុងនាមជាគ្រូបង្វឹកជំនួសលោក Didier Deschamps ទទួលបានការគាំទ្រយ៉ាងខ្លាំង។ អ្នកគាំទ្រនៅកីឡដ្ឋាន Stade de France បានស្រែកហៅឈ្មោះ “Zizou, Zizou” ព្រមទាំងមានផ្ទាំងបដាសរសេរថា “ស្វាគមន៍ការត្រឡប់មកផ្ទះវិញ” ខណៈប្រព័ន្ធផ្សព្វផ្សាយនៅស្ថានីយ៍រថភ្លើងជិតកីឡដ្ឋានក៏បានចាក់សារស្វាគមន៍ផងដែរ។
សម្រាប់លោក Roberto Mancini ដែលទើបត្រឡប់មកដឹកនាំជម្រើសជាតិអ៊ីតាលីជាលើកទីពីរ លទ្ធផលស្មើនៅទឹកដីក្រុមជម្រើសជាតិបារាំង គឺជាលទ្ធផលដ៏គួរឱ្យកត់សម្គាល់មួយ ខណៈដែលលោកកំពុងព្យាយាមស្តារក្រុមឡើងវិញ បន្ទាប់ពីការខកខានវគ្គជម្រុះ World Cup ៣លើកជាប់ៗគ្នា។
ឆ្លងកាត់ការប្រកួតនេះ ក្រុមមាន់គកបារាំងនៅតែបន្តឈរនៅកំពូលតារាងនៃពូលប្រកួត Nations League របស់ខ្លួន ដោយមានពិន្ទុនាំមុខក្រុមបែលហ្ស៊ិក ១ពិន្ទុ ខណៈអ៊ីតាលីឈរនៅលេខ៣ ដោយតាមពីក្រោយបារាំង ៣ពិន្ទុ។ សម្រាប់ការប្រកួតបន្ទាប់ បារាំងនឹងត្រូវបើកទ្វារស្វាគមន៍បែលហ្ស៊ិក ខណៈអ៊ីតាលីនឹងត្រូវទទួលភ្ញៀវតួកគី។
ប្រែសម្រួល៖ គីរី
