កីឡា

តើលំហូរសាច់ប្រាក់ «បំប៉ោង» របស់ Man City បានហូរទៅកាន់ក្លឹបណាខ្លះលើទីផ្សារដោះដូរកីឡាករ?

​បរទេស៖ លំហូរសាច់ប្រាក់ដ៏ច្រើន សន្ធឹកសន្ធាប់បានហូរចូលទៅក្នុងវិស័យបាល់ទាត់ ដោយបានជួយឱ្យក្លឹបជាច្រើន ផ្សេងទៀតកាន់តែមានទ្រព្យសម្បត្តិស្តុកស្តម្ភ ព្រមទាំងបានជួយជ្រោមជ្រែង ដល់ក្រុមជាច្រើននៅទូទាំងពិភពលោក ជាពិសេសគឺនៅក្នុងក្របខណ្ឌ Premier League តែម្ដង នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។

​ទាំងនេះគឺជាអំណះអំណាងចម្បងៗដែលត្រូវបានលើកឡើងដោយអ្នកគាំទ្រក្លឹប Manchester City នៅលើប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម ចាប់តាំងពីមានសេចក្តីសម្រេចរកឃើញថាក្លឹបមានកំហុស ហើយបណ្តឹងឧទ្ធរណ៍ត្រូវបានប្រកាសឡើង ។ ពួកគេបានលើកឡើងថា ការចំណាយនេះបានផ្តល់ អត្ថប្រយោជន៍រួមដល់វិស័យបាល់ទាត់ទាំងមូល ជាពិសេសគឺផ្តល់ផលចំណេញដល់ក្លឹបនានា ដែលទទួលបានថ្លៃផ្ទេរកីឡាករយ៉ាងក្រាស់ក្រែលពី Manchester City។

​ទោះជាយ៉ាងណាក៏ដោយ ទឹកប្រាក់ជាង ៩០០លានផោន ដែលគណៈកម្មការឯករាជ្យបានរកឃើញថាក្លឹបបាន “បំប៉ោង” នៅក្នុងរបាយការណ៍គណនេយ្យរបស់ខ្លួននោះ មិនមែនសុទ្ធតែត្រូវបានចំណាយទៅលើតែការទិញកីឡាករទាំងអស់នោះទេ។

ជាទូទៅ ក្លឹបបាល់ទាត់មានការចំណាយជាច្រើន រួមមាន ប្រាក់ឈ្នួលកីឡាករ និងបុគ្គលិកផ្សេងៗ ការចំណាយលើទឹកភ្លើង ការធានារ៉ាប់រង ការកសាងហេដ្ឋារចនាសម្ព័ន្ធ ថ្លៃពាណិជ្ជកម្ម និងការចំណាយផ្សេងៗជាច្រើនទៀត។

​ផ្ទុយទៅវិញ ទឹកប្រាក់ប្រមាណ ១,២ពាន់លានផោន (1.2 billion) ដែល Man City បានចំណាយលើការទិញកីឡាករចន្លោះឆ្នាំ ២០០៩ ដល់ ឆ្នាំ២០១៨ (ស្មើនឹងការចំណាយសុទ្ធប្រហែល ៩០០លានផោន) គឺជាតួលេខដ៏ច្រើនលើសលប់ បើធៀបនឹងក្លឹបដទៃទៀតនៅក្នុងកំឡុងពេលនោះ។

​ការចំណាយដ៏ធំសម្បើមនេះ គឺជាកត្តាជំរុញដ៏សំខាន់បំផុតដែលជួយឱ្យពួកគេក្លាយជាក្លឹបដ៏ជោគជ័យបំផុតមួយនៅប្រទេសអង់គ្លេស។ យោងតាមការសន្និដ្ឋានរបស់គណៈកម្មការឯករាជ្យ ការចំណាយនេះប្រាកដជានឹងត្រូវកាត់បន្ថយយ៉ាងច្រើន ប្រសិនបើពួកគេមិនបានបំពានច្បាប់ដោយចេតនានោះទេ។
​សំណួរចោទសួរថាតើ ទីបំផុតលំហូរសាច់ប្រាក់ដ៏ច្រើនរបស់ក្លឹប Man City នៅលើទីផ្សារដោះដូរកីឡាករ បានហូរទៅកាន់ក្លឹបណាខ្លះ ហើយតើវាបានជះឥទ្ធិពលអ្វីខ្លះដល់វិស័យបាល់ទាត់ជាទូទៅ?

ក្លឹមបដែលទទួលបានប្រាក់ចំណូលច្រើនជាងគេពីការដោះដូរកីឡាកររបស់ក្លឹប Manchester City ក្នុងកំឡុងពេលរំលោភច្បាប់ហិរញ្ញវត្ថុ (២០០៩-២០១៨) ខាងក្រោមនេះគឺជាបញ្ជីរាយនាមក្លឹបបាល់ទាត់ដែលទទួលបានប្រាក់ថ្លៃផ្ទេរកីឡាករច្រើនជាងគេពី Man City នាកំឡុងពេលនោះ៖

  • ​ក្លឹប Wolfsburg: បានលក់កីឡាករ Dzeko និង De Bruyne ដោយទទួលបានទឹកប្រាក់សរុប £96.5 លាន (៩៦.៥ លានផោន)។
  • ​ក្លឹប Monaco: បានលក់កីឡាករ Mendy និង Bernardo ដោយទទួលបានទឹកប្រាក់សរុប £91.5 លាន។
  • ​ក្លឹប Arsenal: បានលក់កីឡាករ Adebayor, Kolo Toure, Nasri និង Clichy ដោយទទួលបានទឹកប្រាក់សរុប £71 លាន។
  • ​ក្លឹប Everton: បានលក់កីឡាករ Lescott, Rodwell និង Stones ដោយទទួលបានទឹកប្រាក់សរុប £63 លាន។
  • ​ក្លឹប Valencia: បានលក់កីឡាករ David Silva និង Otamendi ដោយទទួលបានទឹកប្រាក់សរុប £62.5 លាន។
  • ​ក្លឹប Athletic Club: បានលក់កីឡាករ Laporte ដោយទទួលបានទឹកប្រាក់សរុប £55.5 លាន។
  • ​ក្លឹប Liverpool: បានលក់កីឡាករ Sterling ដោយទទួលបានទឹកប្រាក់សរុប £54.5 លាន។
  • ​ក្លឹប Porto: បានលក់កីឡាករ Mangala និង Fernando ដោយទទួលបានទឹកប្រាក់សរុប £51.5 លាន។
  • ​ក្លឹប Benfica: បានលក់កីឡាករ Garcia និង Ederson ដោយទទួលបានទឹកប្រាក់សរុប £51 លាន។
  • ​ក្លឹប Tottenham: បានលក់កីឡាករ Walker ដោយទទួលបានទឹកប្រាក់សរុប £45 លាន។
  • ​ក្លឹប Schalke: បានលក់កីឡាករ Sane ដោយទទួលបានទឹកប្រាក់សរុប £44.5 លាន។
  • ​ក្លឹប Aston Villa: បានលក់កីឡាករ Barry, Milner និង Delph ដោយទទួលបានទឹកប្រាក់សរុប £41 លាន។
    តាមរយៈទិន្នន័យនេះ ក្លឹបនៅអាល្លឺម៉ង់ Wolfsburg ឈរនៅកំពូលតារាងដោយទទួលបានទឹកប្រាក់ ៩៦.៥ លានផោន ពីការលក់កីឡាករ Dzeko និង De Bruyne ខណៈក្លឹប Monaco របស់បារាំងឈរនៅលេខពីរ ទទួលបាន ៩១.៥ លានផោន ពីការលក់កីឡាករ Mendy និង Bernardo។ ក្រៅពីនេះ ក្លឹបធំៗនៅអង់គ្លេសដូចជា Arsenal (៧១ លានផោន) និង Everton (៦៣ លានផោន) ក៏ស្ថិតក្នុងចំណោមក្លឹបដែលទទួលបានលំហូរសាច់ប្រាក់ច្រើនជាងគេពី Man City ផងដែរ។

ប្រែសម្រួល៖ គីរី

Most Popular

To Top