បរទេស៖ ការប្រកួតអន្តរជាតិក្នុងក្របខណ្ឌ UEFA Nations League នាពេលថ្មីៗនេះ បានបង្កើតឱ្យមានរឿងរ៉ាវគួរឱ្យចាប់ អារម្មណ៍ជាច្រើន ជាពិសេសគឺភាពចម្រូងចម្រាសជុំវិញការចាកចេញរបស់កំពូលកីឡាករ Cristiano Ronaldo ពីជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។

Ronaldo បានដើរចេញពីទីលាន ដោយមិននៅអបអរសាទរជាមួយមិត្តរួមក្រុម ក្រោយពេលដែលព័រទុយហ្គាល់ យកឈ្នះន័រវែសក្នុងលទ្ធផល ២-១។ ក្នុងជំនួបនោះ រូបគេមិនត្រូវបានដាក់ឱ្យចូលលេងដោយគ្រូបង្វឹកលោក Jorge Jesus នោះទេ។ ៧២ម៉ោងក្រោយមក Ronaldo បានចាកចេញពីជម្រើសជាតិជាផ្លូវការ ដោយសន្យាថានឹង “ទម្លាយការពិតអំពីមូលហេតុនៃការចាកចេញ” ប្រាប់ដល់ប្រជាជនព័រទុយហ្គាល់ទាំងអស់។
ក្រុមអ្នកវិភាគបាល់ទាត់របស់ Goal (Tom Hindle, Ruby Naylor និង Alex Labidou) បានរិះគន់យ៉ាងខ្លាំងចំពោះទង្វើនេះ ដោយចាត់ទុកថាជាការបង្ហាញពី “ភាពមិនចាស់ទុំ” និង “ភាពអត្មានិយម”។ អ្នកវិភាគយល់ថា គាត់ហាក់ដូចជាបាត់បង់អត្ថន័យពិតនៃការលេងតំណាងឱ្យជាតិ ដែលការលេងឱ្យជាតិគួរតែជាការជួយក្រុម ទោះបីជាត្រូវអង្គុយនៅកៅអីបម្រុងក៏ដោយ។ ពួកគាត់បានលើកយក Luka Modric វ័យ ៤១ឆ្នាំ មកប្រៀបធៀប ដែលនៅតែបន្តជួយជាតិដោយគ្មានការរអ៊ូរទាំ។ ទោះយ៉ាងណា អ្នកវិភាគក៏បានបន្ទោសការគ្រប់គ្រងរបស់គ្រូបង្វឹកលោក Jorge Jesus ផងដែរ ដែលមិនបានពិភាក្សាច្បាស់លាស់ជាមួយ Ronaldo ជាមុនជុំវិញការកាត់បន្ថយតួនាទីរបស់គាត់។
ទោះបីជាតំណែងរបស់គាត់ជាកីឡាករឆ្នើមបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រមិនអាចលុបបំបាត់បាន ប៉ុន្តែទង្វើចុងក្រោយនេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះនៅចុងបញ្ចប់នៃអាជីពរបស់គាត់។ ការបង្ហាញអាកប្បកិរិយាមិនសមរម្យ និងការបែកបាក់ទំនាក់ទំនងទាំងជាមួយក្លឹប Manchester United កន្លងមក និងជម្រើសជាតិព័រទុយហ្គាល់ពេលនេះ ធ្វើឱ្យមហាជនមើលឃើញថា គាត់មិនព្រមទទួលយកការពិតដែលថាគាត់ត្រូវតែបន្ថយតួនាទីទៅតាមវ័យ។
អ្នកវិភាគយល់ស្របគ្នាទាំងស្រុងថា ព័រទុយហ្គាល់នឹងមានភាពល្អប្រសើរ និងរលូនជាងមុនពេលដែលគ្មានវត្តមានគាត់។ ការដកកីឡាករដ៏មានឥទ្ធិពលរូបនេះចេញ ជួយកាត់បន្ថយសម្ពាធដល់កីឡាករផ្សេងទៀត ធ្វើឱ្យពួកគេអាចលេងដោយសេរី មិនខ្លាចខុស និងមានសាមគ្គីភាពជាក្រុម (Chemistry) ជាងមុន។ ម្យ៉ាងវិញទៀត ព័រទុយហ្គាល់ចាំបាច់ត្រូវតែចាប់ផ្តើមសាងសង់ក្រុមថ្មី ដើម្បីត្រៀមខ្លួនសម្រាប់ World Cup ឆ្នាំ ២០៣០។
ក្រៅពីរឿងរ៉ាវរបស់ព័រទុយហ្គាល់ អ្នកវិភាគក៏បានកត់សម្គាល់ចំណុចសំខាន់ៗមួយចំនួនក្នុងពានរង្វាន់នេះផងដែរ កីឡាករលេចធ្លោ Lamine Yamal របស់អេស្ប៉ាញ នៅតែបន្តបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះ ខណៈដែល Dan Ndoye របស់ស្វីស ក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងក្នុងការជួយក្រុមជាតិ។ ក្រុមដែលធ្វើបានល្អ ក្រុមជម្រើសជាតិក្រិក បានធ្វើឱ្យមានការភ្ញាក់ផ្អើលដោយឈរនៅកំពូលតារាង លើក្រុមខ្លាំងដូចជាអាល្លឺម៉ង់ (ក្រោមការដឹកនាំរបស់លោក Jurgen Klopp) និងហូឡង់ ដោយពឹងផ្អែកលើប្រព័ន្ធការពារដ៏រឹងមាំ ស្រដៀងទៅនឹងពេលដែលពួកគេឈ្នះ Euro ឆ្នាំ ២០០៤ ដែរ។ ដោយឡែក ក្រុមជម្រើសជាតិអ៊ីតាលី ស្វីស និងអេស្ប៉ាញ សុទ្ធតែបានបង្ហាញពីភាពរីកចម្រើនគួរឱ្យកត់សម្គាល់។
ព្រឹត្តិការណ៍ UEFA Nations League នៅតែមានតម្លៃ និងជាវេទិកាដ៏ល្អសម្រាប់ក្រុមជម្រើសជាតិនៅអឺរ៉ុប ក្នុងការសាកល្បងកីឡាករចំណូលថ្មី និងកសាងក្រុម។ សម្រាប់ជម្រើសជាតិព័រទុយហ្គាល់វិញ នេះគឺជាពេលវេលាដែលត្រូវសម្លឹងទៅមុខ និងបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដោយរៀនរស់ដោយគ្មានវត្តមានវីរបុរស Cristiano Ronaldo។
ប្រែសម្រួល៖ គីរី
