វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដកយន្តហោះទម្លាក់គ្រាប់បែក B-1 ទាំងអស់របស់ខ្លួនចេញពីមូលដ្ឋានទ័ពអាកាស RAF Fairford ក្នុងប្រទេសអង់គ្លេស នេះបើយោងតាមសេចក្តីរាយការណ៍ របស់កាសែត The Wall Street Journal ដោយដកស្រង់សម្តីមន្ត្រីអាមេរិក។
ការសម្រេចចិត្តនេះធ្វើឡើងដោយសារតែការព្រួយ បារម្ភផ្នែកសន្តិសុខ ពាក់ព័ន្ធនឹងការសង្ស័យថាមានផែនការ វាយប្រហារភេរវកម្មលើមូលដ្ឋានទ័ពនេះ។
មុនពេលចាកចេញ យន្តហោះទម្លាក់គ្រាប់បែក B-1 ប្រហែល ១២ គ្រឿងត្រូវបានដាក់ពង្រាយនៅមូលដ្ឋានទ័ព ដែលស្ថិតនៅភាគពាយព្យនៃទីក្រុងឡុងដ៍ ដែលជាមជ្ឈមណ្ឌលសម្រាប់ប្រតិបត្តិការវាយប្រហារដោយយន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកទៅលើប្រទេសអ៊ីរ៉ង់។
ក្រសួងសង្គ្រាមអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយថា «ទោះបីជាវិធានការសន្តិសុខ ប្រតិបត្តិការមិនអនុញ្ញាត ឱ្យយើងបញ្ជាក់ពីការផ្លាស់ទីលំនៅ នៃធនធាន និងកងកម្លាំងរបស់យើង ក្នុងពេលជាក់ស្តែងក៏ដោយ ប៉ុន្តែឥឡូវនេះយើងអាចបញ្ជាក់បានថា យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកទាំងអស់ ដែលត្រូវបានដាក់ពង្រាយនៅ RAF Fairford បានត្រឡប់ទៅកាន់មូលដ្ឋានដើមរបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិកវិញហើយ»។
ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីមានការចាប់ខ្លួនជនសង្ស័យចំនួន ៦ នាក់ ពាក់ព័ន្ធនឹងការប៉ុនប៉ងវាយប្រហារ លើមូលដ្ឋានទ័ពនេះ ដែលមន្ត្រីអាមេរិក និងអង់គ្លេសបានអះអាងថា ត្រូវបានរារាំងទាន់ពេលវេលាកាលពីថ្ងៃអាទិត្យមុន៕
ប្រែសម្រួល ឈូក បូរ៉ា
