បរទេស៖ ការសាកល្បងរសជាតិថ្មី របស់តារាសម្តែងលំដាប់ហូលីវូដ Tom Cruise ក្នុងភាពយន្តរឿង «Digger» ហាក់មិនទទួលបានលទ្ធផលផ្លែផ្កានោះទេ នៅក្នុងសប្តាហ៍ដំបូងនៃការចាក់បញ្ចាំង។ ភាពយន្តបែបកំប្លែងងងឹត (Satirical black comedy) មួយនេះ បានក្លាយជាការខកចិត្តយ៉ាងធំធេងសម្រាប់ផលិតកម្ម Warner Bros. នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន The Hollywood Reporter នាពេលថ្មីៗនេះ។

ភាពយន្តរឿង «Digger» ក្រោមស្នាដៃដឹកនាំរបស់ផលិតករ Alejandro G. Iñárritu រកចំណូលបានត្រឹមតែ ៨លានដុល្លារប៉ុណ្ណោះ ពីរោងភាពយន្តចំនួន ៣.៣០០កន្លែងនៅតំបន់អាមេរិកខាងជើង។ នេះគឺជាលទ្ធផលដ៏គួរឱ្យបារម្ភបំផុត សម្រាប់ភាពយន្តដែលចំណាយទុនផលិតរហូតដល់ ១២៥លានដុល្លារ (មានសេចក្តីរាយការណ៍ខ្លះអះអាងថា ទុនផលិតអាចកើនដល់ជិត ១៨០លានដុល្លារ ទោះបីជាតំណាងស្ទូឌីយោបដិសេធក៏ដោយ)។ ចំណូលនេះនៅទីផ្សារអន្តរជាតិវិញ គឺរកបានបន្ថែមត្រឹមតែ ១២លានដុល្លារប៉ុណ្ណោះ។
តួលេខនេះថែមទាំងទាបជាងការព្យាករណ៍របស់ Warner Bros. ដែលរំពឹងថានឹងបានពី ១២ ទៅ ១៥លានដុល្លារ ហើយវាបានក្លាយជាកំណត់ត្រាបើកឆាកទាបបំផុតរបស់ Cruise ចាប់តាំងពីរឿង «Lions for Lambs» ក្នុងឆ្នាំ២០០៧។
ទោះបីជាលោកបានផ្លាស់ប្តូររូបរាងទាំងស្រុង ក្លាយជាសេដ្ឋីប្រេងក្បាលទំពែក ក្បាលពោះកំប៉ោង ដែលបង្កគ្រោះមហន្តរាយធម្មជាតិក៏ដោយ ក៏ភាពយន្តនេះទទួលបានការវាយតម្លៃត្រឹមតែ C+ ពីទស្សនិកជន (CinemaScore) និងការគាំទ្រ ៥១% ពីអ្នករិះគន់លើគេហទំព័រ Rotten Tomatoes។
ទោះយ៉ាងណា លោក Cruise បានប្រកាសលើបណ្តាញសង្គមថា លោកនៅតែមាន “មោទនភាពចំពោះអ្វីដែលយើងបានបង្កើត” ខណៈលោកត្រៀមខ្លួនត្រឡប់ទៅថតភាពយន្តបែបសកម្មភាព (Action) វិញ តាមរយៈរឿង «Days of Thunder 2» ក្នុងពេលឆាប់ៗនេះ។
ការខាតបង់ហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរពីរឿង «Digger» នេះ កើតឡើងស្របពេលដែលផលិតកម្ម Warner Bros. កំពុងរៀបចំបញ្ចប់ការច្របាច់បញ្ចូលគ្នា (Merger) ក្នុងទំហំទឹកប្រាក់ ១១១ពាន់លានដុល្លារ ជាមួយ Paramount Skydance ដែលគ្រោងនឹងប្រកាសជាផ្លូវការនៅថ្ងៃទី៦ ខែតុលា។ ទន្ទឹមនឹងនេះ ប្រធានផ្នែកភាពយន្តរបស់ Warner Bros. លោក Michael De Luca និងអ្នកស្រី Pamela Abdy ត្រូវបានរាយការណ៍ថានឹងចាកចេញពីតំណែង ដោយជំនួសមកវិញនូវលោក Dana Goldberg និង Josh Greenstein។
«Verity» គ្រងតំណែងលេខ១ នៅ Box Office
ងាកមកមើលតំណែងជើងឯកក្នុងសប្តាហ៍នេះវិញ គឺបានទៅលើភាពយន្តបែបព្រឺព្រួចរឿង «Verity» របស់ Amazon MGM Studios ដែលដកស្រង់ចេញពីប្រលោមលោកដ៏ល្បីរបស់នាង Colleen Hoover។ ភាពយន្តនេះរកចំណូលបាន ៣២,៦លានដុល្លារ ពីទីតាំងបញ្ចាំងចំនួន ៣.៥១០កន្លែងនៅអាមេរិកខាងជើង។
នេះជាការចាប់ផ្តើមដ៏ជោគជ័យសម្រាប់ភាពយន្តដែលចំណាយទុនត្រឹម ៤០លានដុល្លារ ដឹកនាំដោយលោក Michael Showalter និងមានការចូលរួមសម្តែងពី Anne Hathaway, Dakota Johnson និង Josh Hartnett។ យោងតាមស្ថិតិ ទស្សនិកជនរហូតដល់ទៅ ៧៨% គឺជាស្ត្រី ហើយ ៣៨% មានវ័យចន្លោះពី ២៥ ទៅ ៣៤ឆ្នាំ។
បើប្រៀបធៀបជាមួយភាពយន្តដកស្រង់ពីសៀវភៅរបស់ Colleen Hoover ដូចគ្នា ចំណូលបើកឆាករបស់ «Verity» គឺទាបជាងរឿង «It Ends With Us» ក្នុងឆ្នាំ២០២៤ (៥០លានដុល្លារ) ប៉ុន្តែខ្ពស់ជាងរឿង «Regretting You» (២០២៥) និង «Reminders of Him» (២០២៦) ផងដែរ៕
ប្រែសម្រួល៖ គីរី
