បរទេស៖ លោក Heimir Hallgrimsson គ្រូបង្វឹកក្រុមជម្រើសជាតិ សាធារណរដ្ឋអៀរឡង់ បានលើកឡើងថា ក្រុមជម្រើសជាតិអ៊ីស្រាអែល បានព្យាយាមគំរាមកំហែងកូនក្រុម របស់លោកតាំងពីចាប់ផ្តើមការប្រកួត ស្របពេលដែលមានការចោទប្រកាន់ពីបទស្តោះទឹកមាត់ដាក់គ្នា នៅក្នុងជំនួបដែលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ (រៀបចំឡើងជាលក្ខណៈបិទទ្វារកីឡដ្ឋាន ក្នុងប្រទេសស៊ែប៊ី) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ។
ភាពតានតឹងបានផ្ទុះឡើងនៅពេលបញ្ចប់តង់ទីមួយ យោងតាមសារព័ត៌មាន Irish Times លោក Damien Doyle ប្រធានផ្នែកកាយសម្បទារបស់ក្រុមអៀរឡង់ ត្រូវបានគេរាយការណ៍ថាបានរងនូវការស្តោះទឹកមាត់ពីសំណាក់កីឡាករអ៊ីស្រាអែល។
តាមរយៈការផ្សាយផ្ទាល់តាមទូរទស្សន៍ គេបានឮសំឡេងបុរសម្នាក់និយាយយ៉ាងច្បាស់ថា “គាត់បានស្តោះទឹកមាត់ដាក់ខ្ញុំ” ខណៈពេលដែលក្រុមកីឡាករកំពុងដើរចូលតាមរូងនៃកីឡដ្ឋាន TSC Arena។
ថ្លែងប្រាប់សារព័ត៌មាន Off The Ball លោក Hallgrimsson (គ្រូបង្វឹកអៀរឡង់) បានបញ្ជាក់ថា លោកមិនបានឃើញហេតុការណ៍ស្តោះទឹកមាត់នោះផ្ទាល់ភ្នែកទេ ប៉ុន្តែលោកជឿជាក់ថាវានឹងត្រូវបានគេយកទៅពិនិត្យឡើងវិញ។ លោកបានសង្កត់ធ្ងន់ថា”ខ្ញុំមានអារម្មណ៍ថា ពួកគេបានព្យាយាមគំរាមកំហែងពួកយើងតាំងពីចាប់ផ្តើមទាត់បាល់ដំបូងម្ល៉េះ។ ខ្ញុំពិតជាកោតសរសើរកូនក្រុមរបស់ខ្ញុំ ដែលចេះរក្សាភាពស្ងប់ស្ងាត់។ វាអាចនឹងក្លាយជាការប្រកួតដែលពោរពេញដោយកាតលឿង និងកាតក្រហមទៅហើយ ប៉ុន្តែកីឡាកររបស់យើងនៅតែអាចគ្រប់គ្រងអារម្មណ៍បានយ៉ាងល្អ។”
ចំណែកឯលោក Ran Ben-Shimon គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីស្រាអែល វិញ បានឆ្លើយតបជុំវិញហេតុការណ៍នេះថា លោកមិនបានដឹងរឿងអ្វីនោះទេ ដោយសារតែលោកកំពុងស្ថិតនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ជាមួយក្រុមការងារ។ ទោះជាយ៉ាងណា លោកបានសន្យាថា៖ “នៅពេលដែលខ្ញុំមានឱកាសត្រួតពិនិត្យមើលរឿងនេះ ខ្ញុំនឹងផ្តល់ព័ត៌មានត្រឡប់ទៅវិញ។”
ប្រែសម្រួល៖ គីរី
