បរទេស៖ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo បានទុកការប្រជែង គ្នារាប់ឆ្នាំមួយឡែក ដើម្បីផ្ញើសារដ៏រំជួលចិត្តមួយ ទៅកាន់ Lionel Messi បន្ទាប់ពីវីរបុរសអាហ្សង់ទីនរូបនេះ បានបង្ហាញខ្លួនជាលើកចុងក្រោយ សម្រាប់ក្រុមជម្រើសជាតិ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ។
បន្ទាប់ពី Messi បានបង្ហោះសារទាក់ទងនឹងការលាគ្នារបស់ខ្លួននៅលើបណ្តាញសង្គម Instagram លោក Ronaldo ដែលជាប្រធានក្រុមជម្រើស ជាតិព័រទុយហ្គាល់វ័យ ៤១ ឆ្នាំ បានឆ្លើយតបយ៉ាងខ្លី ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅថា៖ “Leo អ្នកបានចំណាយពេលជាច្រើនឆ្នាំដើម្បីការពារប្រទេសរបស់អ្នក ហើយវាគឺជារឿងរ៉ាវដែលនឹងស្ថិតស្ថេរជារៀងរហូត ។ ខ្ញុំសូមគោរពរាល់សមិទ្ធផល ដែលអ្នកសម្រេច បានជាមួយអាហ្សង់ទីន។ ផ្ញើការឱបមួយ។”
ការប្រកួតលាគ្នារបស់ Messi កាលពីពេលថ្មីៗនេះ បានបង្ហាញពីទម្រង់លេងដ៏មុតស្រួច ដូចអ្វីដែលអ្នកគាំទ្រតែងតែរំពឹងទុកក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក ដោយលោកបានស៊ុតបញ្ចូលទី ១ គ្រាប់ និងបញ្ជូនបាល់ (Assist) ២ លើកឱ្យកីឡាករ Nicolas Otamendi និង Nico Paz ដើម្បីធានាជ័យជម្នះ ៣-០ លើក្រុមបេណាំង (Benin)។ ការប្រកួតនេះបានបិទបញ្ចប់អាជីពអន្តរជាតិជាប្រវត្តិសាស្ត្រ ដែល Messi បានបង្ហាញខ្លួនសរុប ២០៨ ប្រកួត និងស៊ុតបញ្ចូលទី ១២៦ គ្រាប់។ សមិទ្ធផលធំៗរួមមាន ការឈ្នះពាន World Cup ឆ្នាំ២០២២ (និងឡើងដល់វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០១៤ និង ២០២៦) ពានរង្វាន់ Copa America ២ លើក (២០២១ និង ២០២៤) និងពាន Finalissima ឆ្នាំ២០២២។
ស្របពេលដែល Messi ទទួលបានការបញ្ចប់អាជីពអន្តរជាតិយ៉ាងស្រស់បំព្រង លោក Ronaldo បែរជាកំពុងប្រឈមមុខនឹងស្ថានភាពដ៏តានតឹងជាមួយជម្រើសជាតិព័រទុយហ្គាល់។ លោកបានចាកចេញពីជំរំប្រមូលផ្តុំកាលពីដើមសប្តាហ៍ បន្ទាប់ពីមិនត្រូវបានដាក់ឱ្យចូលលេងសោះ ក្នុងការប្រកួតដែលព័រទុយហ្គាល់យកឈ្នះន័រវែស ៤-២ កាលពីថ្ងៃទី២៧ ខែកញ្ញា។ បញ្ហានេះកាន់តែរីកធំ ក្រោយពេលលោកចោទប្រកាន់គ្រូបង្វឹកលោក Jorge Jesus ថាបានក្បត់ពាក្យសន្យាពាក់ព័ន្ធនឹងការដាក់ឱ្យចូលលេងក្នុងការប្រកួត UEFA Nations League ថ្មីៗនេះ។
តួលេខស្ថិតិរវាងការប្រជែងគ្នារបស់ Messi និង Ronaldo គឺជារឿងដ៏អស្ចារ្យដែលពិបាក នឹងមានអ្នកធ្វើបានដូច ក្នុងពិភពបាល់ទាត់ទំនើប ។ ចន្លោះឆ្នាំ ២០០៨ ដល់ ២០២៣ កីឡាករទាំងពីររូបនេះបានគ្រប់គ្រង ពានរង្វាន់ឯកត្តជន ដោយឈ្នះពាន Ballon d’Or សរុបបញ្ចូលគ្នា ១៣ លើក។ Messi កាន់កាប់កំណត់ត្រា ឈ្នះច្រើនជាងគេរហូតដល់ ៨ លើក ខណៈ Ronaldo ធ្លាប់ឈ្នះពានរង្វាន់ ដ៏មានកិត្យានុភាពនេះចំនួន ៥ លើក ដែលបង្ហាញពីគម្លាតសមត្ថភាពយ៉ាងឆ្ងាយរវាងពួកគេ និងកីឡាករដទៃទៀតនៅលើពិភពលោក។
ប្រែសម្រួល៖ គីរី
