កីឡា

នាយកដ្ឋានកីឡា ជំនាញនិងកីឡាមហាជន រៀបចំសូត្រ មន្តកាន់បិណ្ឌទី១២ និងភ្ជុំបិណ្ឌទី១២ នាឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ

ភ្នំពេញ ៖ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាន កីឡាជំនាញ និងកីឡាមហាជន(នាយកដ្ឋានអប់រំកាយនិងកីឡា) និងអនុប្រធាន ប្រធានការិយាល័យ និងមន្រ្តីចំណុះនាយកដ្ឋាន នាថ្ងៃទី៨ ខែតុលា ឆ្នាំ៣០២៦ បានរៀបចំពិធីសូត្រមន្តកាន់បិណ្ឌទី១២ និងភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសល ដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មាតា បិតា ជីដូន ជីតា មន្ត្រីរាជការនៃនាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន (នាយកដ្ឋានអប់រំកាយនិងកីឡា) និងវីរជនស្នេហាជាតិ វីរកងទ័ព បានពលីជីវិត ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋកម្ពុជា នាសាលប្រជុំក្នុងពហុកីឡដ្ឋាន ជាតិអូឡាំពិក ។

ក្នុងបរិយាកាសប្រកប ដោយសទ្ធាជ្រះថ្លានេះ ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំបានវេរទេយ្យទាន ទាំងអស់ប្រគេនព្រះសង្ឃ និងឧទិ្ទសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកឋាន និងជូនដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុការពារ បូរណភាពទឹកដីកម្ពុជា ព្រមទាំងបួងសួង សុំសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលកើតមាន ដល់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ។

ប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធ ពិធីបុណ្យកាន់បិណ្ឌ តាំងពីបុរាណកាលមក ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតកាទាំង ៧ សន្តាន ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ និងសូមអញ្ជើញមកទទួលយកផលានិសង្សបានគ្រប់ៗគ្នា។ ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាប់ឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦៕

Most Popular

To Top