កីឡា

ប្តូរជំហរ ១៨០ ដឺក្រេ លោក Aleksander Ceferin ប្រកាសបន្តកាន់តំណែងប្រធាន UEFA ដល់ឆ្នាំ ២០៣១

បរទេស៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) លោក Aleksander Ceferin បានប្រកាសជាផ្លូវការនូវចេតនាក្នុងការបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិទី ៤ ដែលអាចឱ្យលោកកាន់តំណែងនេះរហូតដល់ឆ្នាំ ២០៣១។

 ការសម្រេចចិត្តដែលជាការកែប្រែជំហរទាំងស្រុងពីការសន្យាកាលពីមុននេះ ត្រូវបានគេមើលឃើញថាជាការបង្កើតការប្រកួតប្រជែងអំណាចដ៏តានតឹងថ្មីមួយទៀត ជាមួយប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

​មន្ត្រីជាន់ខ្ពស់សញ្ជាតិស្លូវេនីរូបនេះ បានជម្រាបជូនថ្នាក់ដឹកនាំសមាគមបាល់ទាត់ជាសមាជិក អំពីផែនការបន្តតំណែងរបស់លោក ក្នុងកិច្ចប្រជុំសំខាន់មួយនៅទីក្រុងបែរឡាំង។ ការសម្រេចចិត្តនេះ គឺជាការប្តូរជំហរ ១៨០ ដឺក្រេ ធៀបនឹងការប្រកាសកាលពីមុនរបស់លោកដែលធ្លាប់បានអះអាងថានឹងចុះចេញពីតំណែងនៅឆ្នាំ ២០២៧ បន្ទាប់ពីការកែសម្រួលលក្ខន្តិកៈរបស់ UEFA។

​ការសម្រេចចិត្តបន្តកាន់តំណែងរបស់លោក Ceferin ត្រូវបានចាត់ទុកជា «ការវាយប្រហារដ៏ធ្ងន់ធ្ងរ» មួយទៀតទៅលើលោក Gianni Infantino ប្រធាន FIFA  ការប្រឆាំងនឹងផែនការពាណិជ្ជកម្មរបស់ FIFA៖ UEFA ក្រោមការដឹកនាំរបស់លោក Ceferin គឺជាកម្លាំងចម្បងដែលតែងតែរារាំង និងរិះគន់គម្រោងពង្រីកពាណិជ្ជកម្ម និងកាលវិភាគប្រកួតរបស់ FIFA ដូចជាការពង្រីកពានរង្វាន់ FIFA Club World Cup និងគម្រោងពាណិជ្ជកម្មផ្សេងៗដែលទាក់ទាញវិនិយោគិនឯកជន។

ការបន្តដឹកនាំរបស់លោក Ceferin នឹងធានាថា UEFA នៅតែរក្សាជំហររឹងមាំក្នុងការការពារផលប្រយោជន៍បាល់ទាត់ទ្វីបអឺរ៉ុប និងទប់ទល់នឹងឥទ្ធិពលរបស់ FIFA ជុំវិញភាពចម្រូងចម្រាសផ្នែកអភិបាលកិច្ចកីឡាបាល់ទាត់សកលលោក។

ការប្រកាសនេះកើតឡើងស្របពេលដែលលោក Gianni Infantino និង FIFA កំពុងប្រឈមនឹងសម្ពាធ និងការរិះគន់ជាបន្តបន្ទាប់ពីសំណាក់សហព័ន្ធបាល់ទាត់នៅអឺរ៉ុប ជុំវិញបញ្ហាតម្លាភាព ការសម្រេចចិត្ត និងកាលវិភាគប្រកួតដែលកាន់តែចង្អៀត ដែលធ្វើឱ្យកីឡាករ និងក្លិបធំៗនៅអឺរ៉ុបបង្ហាញការមិនពេញចិត្តជាខ្លាំង។

​វត្តមានបន្តរបស់លោក Aleksander Ceferin រហូតដល់ឆ្នាំ ២០៣១ នឹងធ្វើឱ្យសមរភូមិនយោបាយកីឡាបាល់ទាត់រវាង UEFA និង FIFA កាន់តែក្តៅគគុកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

ប្រែសម្រួល៖ គីរី 

Most Popular

To Top