សិល្បៈ និង កម្សាន្ត

តារាសម្តែងអាមេរិក Selma Blair ត្រូវបានប៉ូលិសឃាត់ខ្លួន ក្រោយរងការចោទប្រកាន់ថា ប្រើអំពើហិង្សាលើបុគ្គលិកយន្តហោះ

ញូវយ៉ក ៖ អាជ្ញាធរអាមេរិកបានឱ្យដឹងថា តារាសម្តែងហូលីវូដ អ្នកស្រី Selma Blair ត្រូវបានប៉ូលិសចាប់ឃាត់ខ្លួន បន្ទាប់ពីចុះពីជើងហោះហើរពីទីក្រុង Los Angeles ទៅកាន់ទីក្រុងញូវយ៉ក ជុំវិញការចោទប្រកាន់ថាបានប្រើប្រាស់អំពើហិង្សា និងបង្ករបួសស្នាមដល់បុគ្គលិកបម្រើការលើយន្តហោះចំនួនពីរនាក់ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៣​ ខែតុលា ឆ្នាំ២០២៦។

សេចក្តីថ្លែងការណ៍ពីអាជ្ញាធរ កំពង់ផែញូវយ៉ក និងញូវជឺស៊ី (Port Authority) បានបញ្ជាក់ថា តារាស្រីវ័យ ៥៤ឆ្នាំរូបនេះ ត្រូវបានឃាត់ខ្លួន កាលពីយប់ជ្រៅថ្ងៃអាទិត្យ ខណៈពេលដែលយន្តហោះរបស់ក្រុមហ៊ុន Delta Air Lines កំពុងចតនៅច្រកទ្វារនៃអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy (JFK) ក្នុងទីក្រុងញូវយ៉ក។

ការបញ្ជូនទៅមន្ទីរពេទ្យ និងការស៊ើបអង្កេត៖ ក្រោយពេលកើតហេតុ អ្នកស្រី Blair និងបុគ្គលិកបម្រើការលើយន្តហោះម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការពិនិត្យសុខភាព។ បច្ចុប្បន្ន ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) កំពុងធ្វើការស៊ើបអង្កេតលើករណីនេះ។ មកទល់ពេលនេះ ទាំងក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines អង្គភាព FBI និងការិយាល័យរដ្ឋអាជ្ញា មិនទាន់មានការឆ្លើយតបផ្លូវការណាមួយនៅឡើយទេ។

ទោះជាយ៉ាងណាក៏ដោយ តំណាងរបស់អ្នកស្រី Blair បានប្រាប់បណ្តាញសារព័ត៌មានជាច្រើនថា អ្នកស្រីមាន “បញ្ហាសុខភាពបន្ទាន់ (Medical emergency)” ដែលជាមូលហេតុបណ្តាលឱ្យមានអាកប្បកិរិយាដូចការចោទប្រកាន់ខាងលើ ខណៈអ្នកតំណាងផ្ទាល់ខ្លួនរបស់អ្នកស្រីមិនទាន់ឆ្លើយតបនឹងសំណើសុំការបំភ្លឺនៅឡើយទេ។

អ្នកស្រី Selma Blair គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូប ដែលធ្លាប់សម្តែងជាតួអង្គសំខាន់ៗក្នុងខ្សែភាពយន្តល្បីៗជាច្រើនរួមមាន Cruel Intentions (១៩៩៩), Legally Blonde (២០០១) និង Hellboy (២០០៤)។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកស្រីគឺជាសកម្មជនដ៏លេចធ្លោម្នាក់ក្នុងការតស៊ូមតិដើម្បីសិទ្ធិជនពិការ។ អ្នកស្រីត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺប្រព័ន្ធសរសៃប្រសាទកម្រិតធ្ងន់ (Multiple Sclerosis) ក្នុងឆ្នាំ ២០១៨។ កាលពីឆ្នាំ ២០២៣ កន្លងទៅ អ្នកស្រីថែមទាំងត្រូវបានអញ្ជើញឱ្យចូលរួមជាមួយលោកប្រធានាធិបតី Joe Biden នៅឯសេតវិមាន ដើម្បីប្រារព្ធខួបនៃច្បាប់ស្តីពីជនជាតិអាមេរិកដែលមានពិការភាព (Americans with Disabilities Act) ផងដែរ។

ប្រែសម្រួល៖​ គីរី

Most Popular

To Top