សិល្បៈ និង កម្សាន្ត

កោដ្ឋអដ្ឋិធាតុ របស់អតីតកំពូលតារាចម្រៀងហុងកុង Anita Mui ត្រូវចោរលួច ខណៈក្រុមគ្រួសារ កំពុងអំពាវនាវសុំជំនួយThe Star

ហុងកុង៖ កោដ្ឋដាក់អដ្ឋិធាតុ របស់អតីតកំពូលតារាចម្រៀងប៉ុបហុងកុង អ្នកនាង Anita Mui (អានីតា មុយ) ត្រូវបានរាយការណ៍ថា បានបាត់ពីវត្តមួយនៅលើកោះ Lantau ទីក្រុងហុងកុង អស់រយៈពេលជិត៣ខែមកហើយ ។ ក្រុមគ្រួសាររបស់តារាស្រីរូបនេះ កំពុងតែអំពាវនាវសុំ ជំនួយជាបន្ទាន់ បន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលិស ហាក់គ្មានការវិវឌ្ឍទាល់តែសោះ ដែលធ្វើឱ្យពួកគេរងនូវ “ភាពឈឺចាប់ និងខកចិត្តយ៉ាងខ្លាំង” នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៣​ ខែតុលា ឆ្នាំ២០២៦។

យោងតាមសេចក្តីរាយការណ៍ ករណីសង្ស័យថាជាអំពើចោរកម្មនេះ ត្រូវបានដឹងតាំងពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ មកម៉្លេះ នៅពេលដែលអ្នកគាំទ្របានទៅគោរពវិញ្ញាណក្ខន្ធនាងនៅវត្ត Po Lin ហើយសង្កេតឃើញថា ខ្ចៅវីសនៃបន្ទះផ្ទាំងអនុស្សាវរីយ៍ត្រូវបានគេមួលបន្ធូរ ហើយកោដ្ឋអដ្ឋិធាតុរបស់នាងក៏បានបាត់រលត់។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ មកទល់ពេលនេះ ក្រុមគ្រួសារមិនទាន់ទទួលបានការទាក់ទងទារប្រាក់លោះ (Extortion call) ណាមួយឡើយ។ ម្យ៉ាងវិញទៀត គឺគ្មានកោដ្ឋអដ្ឋិធាតុរបស់អ្នកផ្សេងនៅក្នុងតំបន់នោះត្រូវបានបាត់បង់នោះទេ ដែលធ្វើឱ្យគេកាន់តែមិនច្បាស់ពីចេតនាពិតប្រាកដរបស់ជនសង្ស័យ។

ចំថ្ងៃខួបកំណើតគម្រប់អាយុ ៦៣ឆ្នាំ របស់អ្នកនាង (កាលពីថ្ងៃទី១០ ខែតុលា) ក្រុមគ្រួសារ និងក្រុមអ្នកគាំទ្រ បានចេញមុខអំពាវនាវជាសាធារណៈ សុំឱ្យអ្នកដែលធ្លាប់បានទៅទីតាំងនោះ ចន្លោះខែមករា ដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៦ ជួយផ្តល់ព័ត៌មាន ឬវីដេអូពីកាមេរ៉ារថយន្ត (Dashcam)។ បន្ថែមពីនេះ បងប្រុសរបស់នាងលោក Peter Mui បានប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ៥ម៉ឺនដុល្លារហុងកុង (ប្រមាណ ៦.៤០០ដុល្លារអាមេរិក) សម្រាប់អ្នកដែលផ្តល់តម្រុយឈានដល់ការរកឃើញកោដ្ឋនេះវិញផងដែរ។

ករណីនេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយពួកគេចាត់ទុកទង្វើនេះថាជា “រឿងដ៏អាក្រក់ និងអសីលធម៌បំផុត”។ ចំណែកឯតារាចម្រៀង និងសម្តែងលោក Patrick Tam Yiu-man ដែលជាកូនសិស្សរបស់អ្នកនាង ក៏បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការធ្វេសប្រហែសរបស់ផ្នែកសន្តិសុខវត្ត និងសង្ឃឹមថាប៉ូលិសនឹងឆាប់ស្វែងរកឃើញមកវិញ។

ក្រុមអ្នកគាំទ្រក៏បានជំរុញឱ្យគណៈគ្រប់គ្រងទីសក្ការៈ ធ្វើការត្រួតពិនិត្យឡើងវិញនូវចំណុចខ្វះខាតនៃប្រព័ន្ធសន្តិសុខរបស់ខ្លួន ព្រមទាំងទាមទារឱ្យមានការស៊ើបអង្កេតយ៉ាងល្អិតល្អន់ពីសំណាក់អាជ្ញាធរប៉ូលិស ដើម្បីផ្តល់យុត្តិធម៌ដល់វិញ្ញាណក្ខន្ធរបស់អតីតតារាចម្រៀងដ៏ល្បីល្បាញរូបនេះ។

ប្រែសម្រួល៖​ គីរី

Most Popular

To Top