សិល្បៈ និង កម្សាន្ត

អាល់ប៊ុម “Arirang” របស់ BTS បំបែកកំណត់ត្រា មានអ្នកស្តាប់ ៥ពាន់លានដងលើ Spotify ក្លាយជាអាល់ប៊ុមលេចធ្លោ ជាងគេប្រចាំឆ្នាំ២០២៦

សេអ៊ូល៖ ទីភ្នាក់ងារកម្សាន្ត BigHit Music បានប្រកាសកាលពីថ្ងៃពុធថា អាល់ប៊ុមស្ទូឌីយោទី៥ ដែលមានចំណងជើងថា “Arirang” របស់ក្រុមចម្រៀងខេប៉ុប (K-pop) ដ៏ល្បីល្បាញ BTS ទទួលបានការស្តាប់ (streams) លើសពី ៥ ពាន់លានដងហើយនៅលើកម្មវិធី Spotify នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី១៤ខែតុលា ឆ្នាំ២០២៦។

កំណត់ត្រានេះ បានធ្វើឱ្យ “Arirang” ក្លាយជាអាល់ប៊ុម ដែលមានអ្នកស្តាប់ច្រើនជាងគេបំផុត ក្នុងចំណោមអាល់ប៊ុមទាំងអស់ ដែលបានចេញផ្សាយក្នុងឆ្នាំនេះ ដោយមានចំនួនអ្នកស្តាប់ច្រើន ជាងម្ចាស់ចំណាត់ថ្នាក់លេខ២ ដល់ទៅ ២ ពាន់លានដង គឺអាល់ប៊ុមស្ទូឌីយោទី៣ របស់តារាចម្រៀងស្រី Olivia Rodrigo ដែលមានចំណងជើងថា “You Seem Pretty Sad for a Girl So in Love”។

ទិន្នន័យនៃការស្តាប់អាល់ប៊ុម “Arirang” នេះ ក៏បានវ៉ាដាច់អាល់ប៊ុមថ្មីៗរបស់កំពូលតារាចម្រៀងប៉ុបអន្តរជាតិល្បីៗ ដូចជា លោក Bruno Mars (មានអ្នកស្តាប់ប្រមាណ ១ ពាន់លានដង) និងលោក Harry Styles (មានអ្នកស្តាប់ប្រមាណ ២ ពាន់លានដង) ផងដែរ។

បទចម្រៀងគោល (Lead track) ក្នុងអាល់ប៊ុមនេះ ដែលមានចំណងជើងថា “Swim” កំពុងឈានជិតដល់ចំនួនអ្នកស្តាប់ ១ ពាន់លានដង ខណៈបទចម្រៀងទាំង ១៤ បទនៅក្នុងអាល់ប៊ុមនេះ សុទ្ធតែទទួលបានការស្តាប់លើសពី ២០០ លានដងគ្រប់ៗបទ។ អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់នោះគឺ បទ “No. 29” ដែលមានត្រឹមតែសំឡេងរោទ៍ដ៏អាថ៌កំបាំងនៃជួងដ៏ពិសិដ្ឋរបស់ព្រះបាទសុងដុក (King Seongdeok) នាសម័យនគរស៊ីឡាបុរាណកូរ៉េ (ឆ្នាំ ៥៧ មុនគ.ស. ដល់ឆ្នាំ ៩៣៥ នៃគ.ស.) ក៏ទទួលបានអ្នកស្តាប់ដល់ទៅ ២០០ លានដងផងដែរ។

អាល់ប៊ុម “Arirang” បានទាក់ទាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនាមជាគម្រោងអាល់ប៊ុមពេញ លេញដំបូងបង្អស់របស់ក្រុមចម្រៀង K-pop ដ៏មានប្រជាប្រិយភាពសកលមួយនេះ ក្នុងរយៈពេលជិត ៤ ឆ្នាំ។ អាល់ប៊ុមនេះត្រូវបានចេញផ្សាយ បន្ទាប់ពីសមាជិកទាំងអស់បានបញ្ចប់កាតព្វកិច្ចយោធារបស់ពួកគេ និងបានជួបជុំគ្នាឡើងវិញ ដោយទទួលបានការស្តាប់លើសពី ១១០ លានដង ត្រឹមតែថ្ងៃចេញផ្សាយដំបូងកាលពីថ្ងៃទី២០ ខែមីនា។

លើសពីនេះ វាថែមទាំងបានក្លាយជាអាល់ប៊ុមក្រុមដំបូងគេ ដែលបានគ្រងតំណែងកំពូលតារាង Billboard 200 ដែលជាតារាងអាល់ប៊ុមដ៏សំខាន់បំផុតរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល ៣ សប្តាហ៍ជាប់ៗគ្នា គិតចាប់តាំងពីអាល់ប៊ុម “Babel” របស់ក្រុម Mumford & Sons បានធ្វើកាលពីឆ្នាំ២០១២ មកម្ល៉េះ។

ប្រែសម្រួល៖​ គីរី

Most Popular

To Top