បរទេស៖ ប្រធានក្រុមហ៊ុន OpenAI លោក Greg Brockman បានថ្លែងកាលពីថ្ងៃពុធថា បច្ចុប្បន្ននេះ ក្រុមហ៊ុនរកប្រាក់ចំណូលបានភាគច្រើនពីការលក់ជូនសហគ្រាសធំៗ (Enterprise Sales) ហើយលោកជឿជាក់ថា ក្រុមហ៊ុននឹងត្រៀមខ្លួនរួចរាល់សម្រាប់ការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នៅឆ្នាំ២០២៧ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
លោក Brockman បានបញ្ជាក់ថា មន្ទីរពិសោធន៍បញ្ញាសិប្បនិម្មិត (AI) មួយនេះ កំពុងបង្កើនការលក់យ៉ាងសកម្មដល់បណ្តាអាជីវកម្មនានា ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនគូប្រជែង Anthropic ដែលទំនងជានឹងឈានទៅធ្វើ IPO មុនដំណាច់ឆ្នាំនេះ ដោយក្នុងនោះក៏មានបញ្ចូលនូវការជំរុញការលក់ភ្នាក់ងារ AI ឈ្មោះ Codex របស់ខ្លួនផងដែរ។
ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែក AI រូបនេះ បានថ្លែងយ៉ាងដូច្នេះនៅក្នុងសន្និសីទបច្ចេកវិទ្យារបស់សារព័ត៌មាន Wall Street Journal នៅក្នុងទីក្រុង Napa រដ្ឋកាលីហ្វ័រញ៉ា។ នៅពេលត្រូវបានសួរនៅលើឆាកថា តើ OpenAI នឹងត្រៀមខ្លួនរួចរាល់សម្រាប់ការធ្វើ IPO នៅឆ្នាំក្រោយដែរឬទេ លោកបានឆ្លើយតបយ៉ាងខ្លីថា៖ «ខ្ញុំគិតថាអញ្ចឹង»។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុន OpenAI ដែលមានមូលដ្ឋាននៅទីក្រុង San Francisco មួយនេះ កំពុងប្រញាប់ប្រញាល់បង្កើនការរៃអង្គាសប្រាក់បន្ថែម ដើម្បីទាញយកអត្ថប្រយោជន៍ពីកំណើនថ្មីៗរបស់ខ្លួន បន្ទាប់ពីបានពន្យារពេលផែនការ IPO របស់ខ្លួនកន្លងមក៕
ប្រែសម្រួល៖ គីរី
