បរទេស៖ កីឡាការិនីវាយកូនបាល់ (Tennis) ចំណាត់ថ្នាក់លេខ ៥ ពិភពលោក Jessica Pegula បានហៅកីឡាការិនី Mirra Andreeva ថាជា “Diva” (សំដៅលើអ្នកមានចរិតឆ្មើងឆ្មៃ) នៅក្នុងការផ្សាយផ្ទាល់មួយ បន្ទាប់ពីការហ្វឹកហាត់ រួមគ្នាជាមួយកីឡាការិនីវ័យក្មេងសញ្ជាតិរុស្ស៊ីរូបនេះ។
នៅក្នុងការសន្ទនាឯកជនជាមួយគ្រូបង្វឹករបស់នាងគឺលោក Mark Knowles គេបានឮសំឡេងកីឡាការិនីសញ្ជាតិអាមេរិក Pegula និយាយថា ម្ចាស់ជើងឯកពានរង្វាន់ French Open កីឡាការិនី Andreeva “ត្រូវតែរៀនចេះដាក់ខ្លួន” ហើយនាងក៏បានលើកឡើងដែរថា គ្រូបង្វឹករបស់ Andreeva គឺអ្នកស្រី Conchita Martinez ជាអ្នកលើកទឹកចិត្តឱ្យមានអាកប្បកិរិយាបែបនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
ការហ្វឹកហាត់នៅឯទីក្រុង Indian Wells រដ្ឋកាលីហ្វ័រញ៉ានេះ ត្រូវបានចាក់ផ្សាយផ្ទាល់ដោយសមាគមកីឡាវាយកូនបាល់នារី (WTA) មុនពេលព្រឹត្តិការណ៍ប្រកួតវគ្គផ្តាច់ព្រ័ត្រ WTA Tour Finals ចាប់ផ្តើមនៅថ្ងៃអាទិត្យ។
កីឡាការិនី Pegula និងលោក Knowles នៅតែបន្តឈរនៅលើទីលានបន្ទាប់ពីការហ្វឹកហាត់ត្រូវបានបញ្ចប់។ ការអត្ថាធិប្បាយនោះ ដែលរួមបញ្ចូលទាំងការប្រើប្រាស់ពាក្យអសុរោះមួយចំនួនពីសំណាក់កីឡាការិនីវ័យ ៣២ ឆ្នាំ Pegula ត្រូវបានថតជាប់ដោយមីក្រូហ្វូនដែលបំពាក់នៅក្បែរទីលានប្រកួត។
វីដេអូផ្សាយផ្ទាល់នៃការហ្វឹកហាត់នៅទីក្រុង Indian Wells នៅលើគណនី YouTube ត្រូវបានស្ថាប័ន WTA លុបចេញវិញចាប់តាំងពីពេលនោះមក ប៉ុន្តែវីដេអូឃ្លីបនៃសកម្មភាពនេះ ត្រូវបានគេចែកចាយព្រោងព្រាតនៅលើបណ្តាញសង្គមរួចទៅហើយ។
យ៉ាងណាមិញ Pegula ដែលជាសមាជិកនៃក្រុមប្រឹក្សាកីឡាការិនីរបស់ WTA ផងនោះ ក៏បានពោលពាក្យសរសើរដល់ Andreeva ផងដែរ ដោយនិយាយថា កីឡាការិនីចំណាត់ថ្នាក់លេខ ៣ ពិភពលោករូបនេះ គឺពិតជា “អស្ចារ្យ” និង “ឆ្លាតវៃ”។
ព្រឹត្តិការណ៍បិទបញ្ចប់រដូវកាល WTA Finals ដែលត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុង Indian Wells ជាលើកដំបូងនេះ នឹងដំណើរការរហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា។ ទាក់ទិននឹងបញ្ហានេះ តំណាងរបស់កីឡាការិនី Pegula និងស្ថាប័ន WTA ត្រូវបានគេទាក់ទងដើម្បីសុំការអត្ថាធិប្បាយបកស្រាយ។
នៅក្នុងហេតុការណ៍ដោយឡែកមួយទៀត កីឡាការិនីចំណាត់ថ្នាក់លេខ ១ ពិភពលោក Elena Rybakina ហាក់ដូចជាមានការជជែកតមាត់គ្នា យ៉ាងតានតឹងជាមួយនឹងគ្រូបង្វឹករបស់នាង មុនពេលការហ្វឹកហាត់ជាមួយ ម្ចាស់ជើងឯកពានរង្វាន់ Wimbledon កីឡាការិនី Linda Noskova ផងដែរ។
ប្រែសម្រួល៖ គីរី
